(ភ្នំពេញ)៖ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប កំពុងបន្តប្រឹងប្រែងរៀបចំកិច្ចប្រជុំដ៏សំខាន់ខាងលើ ជាលក្ខណៈទល់មុខ (Physical)។
នេះបើតាម លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
លោក លុយ ដាវីត ដែលជាឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៉ី-អឺរ៉ុបផងនោះ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពក្នុងការកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ហើយកាលបរិច្ឆេទថ្មីកំណត់ដោយកម្ពុជា ត្រូវបានការឯកភាពគ្នារវាងប្រទេសដៃគូ ASEM ទាំងអស់ផងដែរ។ ប៉ុន្តែលោកអះអាងថា បើសិនជានៅថ្ងៃកំណត់ប្រជុំ ស្រាប់តែស្ថានភាពជំងឺកូវីដ១៩ មានសភាពធ្ងន់ធ្ងរ គណៈកម្មការជាតិនឹងជ្រើសរើសការប្រជុំតាមវីដេអូវិញ។
លោក លុយ ដាវីត បានឲ្យដឹងបន្ថែមទៀតថា «យើងគ្រោងបន្តរៀបចំកិច្ចប្រជុំនេះតាមរបៀប Physical (ទល់មុខ) តែបើស្ថានភាពកូវីដមិនធូរស្បើយទេ យើងមានជម្រើសផ្សេងទៀត។ ថ្នាក់ដឹកនាំ ASEM ដទៃទៀត ក៏គេចង់បានការប្រជុំនេះជាលក្ខណៈទល់មុខដែរ ហេតុដូច្នេះហើយ បានជាគេឯកភាពតាមសំណើកម្ពុជា លើកកិច្ចប្រជុំកំពូលនេះ ២ដងមកហើយ។ អញ្ចឹងហើយ បានជាយើងខំរុញកិច្ចប្រជុំនេះទៅចុងឆ្នាំ ដោយសង្ឃឹមថា អាចគ្រប់គ្រងជំងឺកូវីដ១៩បាន»។
លោកបន្តថា «ការរៀបចំកិច្ចប្រជុំជាលក្ខណៈទល់មុខ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំដៃគូ ASEM ទាំងអស់ មិនមែនត្រឹមតែប្រជុំទេ ក៏ជាឱកាសឲ្យពួកគាត់ជួបគ្នាទ្វេភាគីដែរ។ អញ្ចឹងប្រទេសកម្ពុជា ដែលជាទីតាំងសម្រាប់ថ្នាក់ដឹកនាំដទៃទៀតចូលរួមប្រជុំនេះ ជាកន្លែងសម្រាប់ជំនួបទ្វេភាគីសម្រាប់ថ្នាក់ដឹកនាំនីមួយៗដែរបាទ។ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏គ្រោងជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំដៃគូ ASEM មួយចំនួនធំដែរ»។
ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១ ហើយក៏មិនអាចរៀបចំបាន និងរហូតសម្រេចចុងក្រោយ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតែម្តង។
សូមជម្រាបថា កម្ពុជាបានក្លាយជាសមាជិករបស់កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនេះ លើកទី១៣ ក្រោមប្រធានបទ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៉ី ជាង ៥០ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។
ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥ នៃសហភាពអឺរ៉ុប និងប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៉ី ហើយគេចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាង ២ឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាននៃស្នងការអឺរ៉ុប និងអគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៉ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ វាបានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕