(ភ្នំពេញ)៖ ក្រោមក្របខណ្ឌ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំអនុវត្តដោយក្រសួងទេសចរណ៍ មានសកម្មភាពជាយុទ្ធសាស្រ្តជាច្រើន ដែលបាននិងកំពុងផ្តល់ផ្លែផ្កាជាបន្តបន្ទាប់ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ដែលទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រវាងក្រុមអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងទេសចរណ៍ ដឹកនាំដោយលោក អាំង សុវណ្ណរ័ត្ន នាយកគម្រោង TCBP ជាមួយទីភ្នាក់ងារ AFD ដឹកនាំដោយលោកស្រី Anne Chapalain នាយករងទីភ្នាក់ងារ AFD ប្រចាំកម្ពុជា មានការបង្ហាញពីសមិទ្ធផលសកម្មភាពនានា ទាំងរបាយការណ៍សិក្សា, ការវិភាគវាយតម្លៃ, ការជំរុញពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍, ការធ្វើទំនើបកម្មការផ្សព្វផ្សាយ និងការធ្វើទីផ្សារទេសចរណ៍, ការពង្រឹងសមត្ថភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន, ជំនួយផ្នែកច្បាប់ និងការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតជាដើម។

ជាក់ស្តែងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ក៏មានការបង្ហាញវីដេអូផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា តាមរយៈរសជាតិ និងភាពទាក់ទាញ ដ៏ល្អបំផុតនៃម្ហូបអាហារខ្មែរ» ដែលត្រូវបានផលិតឡើងជា ២ភាសា ខ្មែរ និងអង់គ្លេស ដើម្បីត្រៀមជាស្រេចក្នុងការជំរុញ ការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។

វីដេអូនេះ បានបង្ហាញពីម្ហូបអាហារខ្មែរ ជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយផ្តោតលើម្ហូបអាហារ ជាចំណែកទីផ្សារទេសចរណ៍ប្រកបដោយសក្តានុពល៕

ខាងក្រោមនេះជាវីដេអូផ្សព្វផ្សាយម្ហូបអាហារខ្មែរ៖