(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យអនុវត្តជំហានដំបូង មុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់បន្ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានរៀបចំដាក់ឲ្យអនុវត្តជំហានដំបូង ដែលមានមុខងារសំខាន់ ក្នុងការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិក។
ក្នុងន័យ ដូចបានជម្រាបជូនខាងលើ និងអនុលោមទៅតាមប្រកាស លេខ៥៧៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្រេចដាក់ឲ្យអនុវត្តជំហានដំបូង លើមុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក (https://live.nSW.gov.kh) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ សម្រាប់អង្គភាពទាំង៣ រួមមាន៖
១៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៖ អនុវត្តលើគោលការណ៍ផ្សេងៗ ក្នុងផ្នែកចំណីសត្វ និងបសុឱសថ។
២៖ អគ្គនាយកដ្ឋានកសិកម្ម៖ អនុវត្តលើការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ភូតគាមអនាម័យ សម្រាប់ការនាំចេញការនាំចេញទៅវិញ និងវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូលទំនិញជាកម្មវត្ថុ នៃការត្រួតពិនិត្យភូតគាមអនាម័យ។
៣៖ រដ្ឋបាលជលផល៖ អនុវត្តលើការស្នើសុំអាជ្ញាប័ណ្ណនាំចេញ នាំចូល និងឆ្លងកាត់ផល ផលិតផលជលផល៕