(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ បានស្នើឲ្យគណៈកម្មាធិការបុរីកម្ពុជា ពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី នៅសហរដ្ឋអាមេរិកនាពេលខាងមុខ នេះបើយោងតាម Facebook ផ្លូវការរបស់លោក ចេញនៅព្រឹកថ្ងៃនេះ។

ការអំពាវនាវស្នើឲ្យមានការអញ្ជើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ នៅសហរដ្ឋអាមេរិក ពីសំណាក់លោក ហ៊ុន ម៉ាណែត នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានការជជែក តស៊ូមតិគ្នារវាងបងប្អូនអ្នកគាំទ្រ និងបងប្អូនអ្នកមិនគាំទ្រ ចំពោះការចូលរួមរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីព្យុហយាត្រាអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។

លោក​ ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា ការខ្វែងគំនិតរវាងបងប្អូនជនរួមជាតិទាំងអស់ទាក់ទង ប្រធានបទនេះនឹងអាចត្រូវបញ្ចប់។ ខ្ញុំសូមឲ្យគណៈកម្មាធិការបុរីកម្ពុជា មេត្តាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិចូលរួម ជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិដ៍ថ្លៃថ្លារបស់យើងនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ»

 

ខាងក្រោមនេះជាខឹ្លមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត ផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅសហរដ្ឋអាមេរិក៖

សួស្តីមិត្តទាំងអស់គ្នា! ប៉ុន្មានថ្ងៃនេះមានការជជែក តស៊ូមតិគ្នារវាងបងប្អូនអ្នកគាំទ្រ និងបងប្អូនអ្នកមិនគាំទ្រ ការចូលរួមរបស់ខ្ញុំនៅក្នុងកម្មវិធីព្យុហយាត្រា អបអរសាទរបុណ្យចូលឆ្នាំថ្មីនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។

មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌ និងអរិយធម៌ដ៍ឧត្តុងឧត្តមរបស់ខ្មែរយើង ឲ្យប្រជាជនអាមេរិកាំង និងជាតិសាសន៍ដ៍ទៃទៀតបានឃើញ។

ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះ តាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា គឺដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំ ចំពោះគោលគំនិតដ៍ល្អរបស់គណៈកម្មាធិការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ (នៅអាមេរិក នៅស្រុកខ្មែរ ឬប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិក្នុងឱកាសដ៍ពិសេសនេះ។

(សូមបញ្ជាក់ថា៖ ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ គណៈកម្មាធិការបុរីកម្ពុជា ធ្លាប់បានអញ្ជើញមន្ត្រីតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ហើយឯកឧត្តម កឹម សុខា ក៍ធ្លាប់បានចូលរួមជាភ្ញៀវកិត្តិយសនៅឆ្នាំ២០១០ផងដែរ)។

ដូច្នេះខ្ញុំសង្ឃឹមថា ការខ្វែងគំនិតរវាងបងប្អូនជនរួមជាតិទាំងអស់ ទាក់ទងប្រធានបទនេះនឹងអាចត្រូវបញ្ចប់ ហើយជំនួសវិញដោយការចូលរួម មតិយោបល់ថា តើធ្វើយ៉ាងណាឲ្យយើងអាចទាញយកផលចំណេញពីកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយពីការរីកចំរើនរបស់ប្រទេសរបស់យើង ពីវប្បធម៌និងអរិយធម៌ខ្មែរយើងឲ្យជនជាតិបរទេសបានដឹង និងបានយល់។

ខ្ញុំក៍សូមឲ្យគណៈកម្មាធិការបុរីកម្ពុជា មេត្តាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិដ៍ថ្លៃថ្លារបស់យើងនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ៕