(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះបើតាមលិខិត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ (ASEM13)»។
លិខិតរបស់លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប ថែមទាំងបានណែនាំដល់សមាជិក បន្តសកម្មភាពការងាររបស់ខ្លួន ដើម្បីឲ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តបានរលូន និងជោគជ័យ។
ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១ ហើយក៏មិនអាចរៀបចំបាន និងរហូតសម្រេចចុងក្រោយ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕