Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់លិខិតសរសើរជូនក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ដែលចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពេលអនុវត្តវិធានការបិទខ្ទប់

27-05-2021 12:27

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបសំណេះសំណាល និងផ្តល់លិខិតសរសើររបស់ អគ្គស្នងការនគរបាលជាតិ ជូនអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន តាមប្រព័ន្ធវីដេអូហ្សូម (ZOOM MEETING) ដែលបានចូលរួមកិច្ចសហប្រតិបត្តិការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គម ជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការបិទខ្ទប់តាមភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានផ្តាំផ្ញើរការសួរសុខទុក្ខដល់លោក អគ្គនាយក លោកស្រី អគ្គនាយិកា និងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលបានចូលរួមសហការបិទខ្ទប់ តាមភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយសមត្ថកិច្ចបានល្អប្រសើរ និងបានការពារនូវអនាម័យ ដោយពុំមានភ្នាក់ងារសន្តិសុខឯកជនណាម្នាក់ឆ្លង ជំងឺកូវីដ១៩នោះទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំ និងសំណូមពរដល់ក្រុមហ៊ុនទាំងអស់ ដូចជា៖

* ទី១៖ សូមបន្តស្មារតី នៃកិច្ចសហការ និងរក្សាជំហរ នៃកិច្ចសហការអោយបានល្អ និងស្អិតរមួតជាងនេះទៅទៀត
* ទី២៖ យកចិត្តទុកដាក់ដល់ភ្នាក់ងារ សន្តិសុខឯកជន លើស្មារតី វិជ្ជាជីវៈ និងជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង
* ទី៣៖ សុំកុំភ្លេចបន្តនូវការរក្សាសុខភាព និងអនាម័យ ពិសេស៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល បង្ការជំងឺឆ្លងដ៏កាចសាហាវ កូវីដ១៩។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង សូមថ្លែងអំណរអគុណដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលបានចាត់បញ្ជូនកម្លាំងសហការ និងថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលបានសហការគ្នា បំពេញបេសកកម្មនេះទទួលបានផ្លែផ្កា និងជោគជ័យ៕