(ពិភពលោក)៖ អាវុធនុយក្លែអ៊ែរត្រូវបាន ពិភពលោកចាត់ទុកថា ជាអាវុធដ៏កាចសាហាវបំផុត ឬហៅម្យ៉ាងទៀតថា ជាអាវុធប្រល័យលោក។ បើទោះបីជានៅលើពិភពលោក មានប្រទេសជិត២០០ក្តី ប៉ុន្តែប្រទេសដែលអាចផលិត និងមានអាវុធនុយក្លែអ៊ែរវិញ មានមិនដល់១០ប្រទេសនោះទេ។ ដើម្បីឲ្យជ្រាបច្បាស់ថា តើប្រទេសនៅលើពិភពលោក មានប្រទេសណាខ្លះដែលអាចផលិត និងមានអាវុធនុយក្លែអ៊ែរប្រើប្រាស់នោះ ថ្ងៃនេះ Fresh News នឹងបកស្រាយចម្ងល់នេះជូនប្រិយមិត្តអ្នកអាន។

បើយោងតាមគេហទំព័របរទេសដ៏ល្បីមួយ ឈ្មោះ www.mapsofworld.com បានដកស្រង់តួលេខ នៃការប៉ាន់ស្មាន​ (Estimates ឆ្នាំ២០១៤) ចំនួនអាវុធនុយក្លែអ៊ែរទាំងអស់នៅលើពិភពលោក មានចំនួន ១៦៣៥០គ្រាប់ ក្នុងនោះប្រទេសរុស្ស៊ី មានអាវុធនុយក្លែអ៊ែច្រើនជាងគេ បន្ទាប់មកប្រទេសអាមេរិក និងបារាំង។

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមតាមដានតារាងរាយនាមឈ្មោះប្រទេស និងចំនួននុយក្លែអ៊ែរដូចខាងក្រោម៖

១-ប្រទេសរុស្ស៊ី មានអាវុធនុយក្លែអ៊ែរច្រើនជាងគេចំនួន ៨០០០គ្រាប់

-សហរដ្ឋអាមេរិក មានអាវុធនុយក្លែអ៊ែរលំដាប់ទី២ ចំនួន៧៣០០គ្រាប់

-ប្រទេសបារាំង ក៏មានអាវុធនុយក្លែអ៊ែរផងដែរ ចំនួន៣០០គ្រាប់

-ប្រទេសចិន មានអាវុធនុយក្លែអ៊ែរចំនួន ២៥០គ្រាប់

-ចក្រភពអង់គ្លេស ក៏មិនអត់ដែរ មានអាវុធនុយក្លែអ៊ែរ ២២៥គ្រាប់

-ប្រទេសប៉ាគីស្ថាន មានអាវុធនុយក្លែអ៊ែរពី១០០ ទៅ១២០គ្រាប់

-ប្រទេសឥណ្ឌា មានអាវុធនុយក្លែអ៊ែរពី៩០ ទៅ១០០គ្រាប់

-ប្រទេសអ៊ីស្រាអ៊ែល មានអាវុធនុយក្លែអ៊ែរចំនួន៨០គ្រាប់

៩-កូរ៉េខាងជើង កូនពៅគេ មានអាវុធនុយក្លែអ៊ែរ ពី៦-8គ្រាប់ប៉ុណ្ណោះ។

បើតាមការប៉ាន់ស្មាន សរុបចំនួនអាវុធនុយក្លែអ៊ែរ នៅលើពិភពលោកទាំងអស់មានចំនួន ១៦៣៥០គ្រាប់។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ចំនួនពិតអាចច្រើនជាងនេះ ឬតិចជាងនេះ ព្រោះគ្រប់ប្រទេសនិមួយៗ យល់ថាបញ្ហាអាវុធ គឺជាបញ្ហាអាថ៌កំបាំងបំផុត សម្រាប់សុន្តិសុខរបស់ប្រទេសជាតិ ដូច្នេះមិនអាចទម្លាយតួលេខពិតប្រាកដកនោះទេ៕