Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនមេខ្យល់ម្នាក់ទៅតុលាកាខេត្តប៉ៃលិន រឿងនាំពលករលួចឆ្លងដែនខុសច្បាប់

27-05-2021 12:18

(ប៉ៃលិន)៖ សមត្ថកិច្ចខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជូនមេខ្យល់បុរសម្នាក់ទៅកាន់សាលាដំបូងខេត្ត ក្រោយបង្ក្រាបបានក្នុងករណីនាំពលករចំនួន៥នាក់ លួចឆ្លងដែនទៅធ្វើការប្រទេសថៃ ដោយខុសច្បាប់។

មេខ្យល់នេះមានឈ្មោះ នី វ៉ាន់ដេត ហៅធូ អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រៅពីការឃាត់ខ្លួនមេខ្យល់ខាងលើ កម្លាំងការពារគោលដៅក៏បានឃាត់ខ្លួនពលករខ្មែរចំនួន ៥នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តប៉ៃលិន។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរប៉ុស្តិវរៈអូរឈើក្រំ បានបំពានឆ្លងដែនចូលក្នុងទឹកដីថៃ ត្រូវទាហានថៃឈុតខ្មៅឃាត់ខ្លួនបាន ហើយប្រគល់ឱ្យកម្លាំងការពារគោលដៅ រហូតបញ្ជូនបន្តដល់ស្ថាប័នតុលាកានៅព្រឹកថ្ងៃទី២៧ ខែឧសភានេះតែម្តង៕