(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចូលរួមបោះឆ្នោត ជ្រើសរើសយុវជនចំនួន៤ភូមិ មានភូមិខ្ទមមន ភូមិផ្ទះដើម ភូមិត្រពាំងប្ញស្សី និងភូមិសំបួរ នៅវត្តពពកក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក គង់ វិមាន បានប្រាប់ទៅបងប្អូន ប្រជាពលរដ្ឋ និងយុវជន ដែលជាប់ឆ្នោតជាយុវជនភូមិ ត្រូវគិតពីសន្តិសុខ សុវត្ថិភាព ហើយខិតរក្សាឲ្យភូមិឃុំ មានសុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន ពោលត្រូវយកចិត្ត ទុកដាក់ជួយទុក្ខធុរៈគ្នា នៅតាមឃុំភូមិនៅពេលមានពិធីបុណ្យ ពិធីមង្គលការ ឬពិធីផ្សេងៗ ហើយ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានឲ្យបានទាន់ ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានដាក់ផែនការឲ្យក្រុមការងារ ត្រូវពិនិត្យ លើរចនាសម្ព័ន្ធរបស់ឃុំ ពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យលើបញ្ហាប្រឈម និងកង្វះខាត ដើម្បីរកដំណោះស្រាយផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ឲ្យទៅធ្វើអត្តសញ្ញាប័ណ្ណ ចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅព្រមទាំង ជំរុញឲ្យក្រុមការងារផ្សព្វផ្សាយ ឲ្យយល់ពីតម្លៃរបស់អត្តសញ្ញាប័ណ្ណ និងចុះស្រង់ស្ថិតិថា តើប្រជាពលរដ្ឋណា មិនទាន់បានធ្វើអត្តសញ្ញាប័ណ្ណ ព្រមទាំងធ្វើលិខិត អញ្ជើញអាណាព្យាបាលដើម្បី ទទួលខុសត្រូវ។
លោកក៏បានផ្តាំផ្ញើដល់ក្រុមការងារឲ្យធ្វើអំពើល្អ ជាគំរូល្អដល់ ប្រជាពលរដ្ឋដើម្បីឲ្យប្រជពលរដ្ឋជឿទុកចិត្ត ដើម្បីអនុវត្តការងារ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ លោក គង់ វិមាន បានជួយឧបត្ថម្ភស៊ីម៉ង់ត៍ចំនួនមួយ តោនសម្រាប់ជួសជុលទំនប់អូរដងត្រកផងដែរ៕