(កំពង់ឆ្នាំង)៖ ស្ដ្រីជនជាតិចិនម្នាក់ ជាកម្មការិនីរោងចក្រ ហឺរ៉ាយហ្សិន ដែលមានទីតាំងស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែឧសភា។
ស្ដ្រីជនជាតិចិនខាងលើ ដែលទទួលមរណភាព ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនេះ ឈ្មោះ ZHU LIQIONG អាយុ៥១ឆ្នាំ ជាបុគ្គលិកបម្រើការនៅរោងចក្រ ហឺរ៉ាយហ្សិន មានតួនាទីជាប្រធានផ្នែកដេរនៃអាគារទី៦។ ស្ដ្រីរូបនេះ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកំពង់ត្រឡាច។
រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ត្រីជនជាតិចិនខាងលើដោយមានអាការៈហត់ ពិបាកដកដង្ហើមត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ តែដោយមានអាការធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ក៏បានស្លាប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
បច្ចុប្បន្នសពត្រូវបានរៀបចំបូជានៅទីតាំងបូជាសព ដែលរដ្ឋបាលខេត្តបានរៀបចំនៅក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕