(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានទទូចដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចរាល់ហើយនោះ ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី២ (រយៈពេល១៤ថ្ងៃក្រោយចាក់ដូសទី១) ដើម្បីទទួលបានភាពសុាំ និងមានប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ១៩។
ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងបន្ទាប់ពីការពិនិត្យមើលតាមទិន្នន័យនៃការចាក់វ៉ាក់សាំង មានប្រជាពលរដ្ឋមួយចំនួនតូចមិនឃើញមកចាក់វ៉ាក់សាំង ខណៈដែលថ្ងៃកំណត់ត្រូវចាក់បានចូលមកដល់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះ «តាមខ្ញុំសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូចគាត់មិនមកចាក់វ៉ាក់សាំងដូសទី២។ ប្រហែលជាពួកគាត់មិនបានដឹងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងដូសទី២»។
«ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ ឱ្យបានគ្រប់គ្នា ដើម្បីយើងទទួលបានភាពសុាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។ បើយើងមិនចាក់ដូសទី២ទេ វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះឡើយ។ អ៊ីចឹងសូមបងប្អូនមកចាក់វ៉ាក់សាំងដូសទី២ ឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលយើងចាក់ដូសទី១»។ នេះជាការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២ហើយនោះ ត្រូវសួររកប័ណ្ណចាក់វ៉ាក់សាំងពីក្រុមការងារចាក់វ៉ាក់សាំង ហើយយកទៅទុកដាក់ថែទាំឱ្យបានល្អកុំឱ្យបាត់បង់។
ក្នុងដំណើរចុះត្រួតពិនិត្យនៅតាមកន្លែងចាក់វ៉ាក់សាំង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន ដែលចាក់វ៉ាក់សាំងដូសទី២រួចនោះ ហាក់មិនបានរវីរវល់នឹងការយកប័ណ្ណចាក់វ៉ាក់សាំងនោះឡើយ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ យល់ឃើញថា ប្រហែលជាប្រជាពលរដ្ឋមិនទាន់យល់ពីគុណតម្លៃប័ណ្ណចាក់វ៉ាក់សាំងនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ប័ណ្ណចាក់វ៉ាក់សាំងនេះ មានតម្លៃខ្លាំងណាស់សម្រាប់ការប្រើប្រាស់ទៅថ្ងៃក្រោយ។ លោកបានបញ្ជាក់ថា ប័ណ្ណចាក់វ៉ាក់សាំង វាជាភស្តុតាងបញ្ជាក់ថា យើងបានចាក់វ៉ាក់សាំង, ប័ណ្ណចាក់វ៉ាក់សាំង អាចក្លាយទៅជាប័ណ្ណបញ្ជាក់សម្រាប់បម្រើការដល់ការធ្វើការងារ និងប្រើក្នុងករណីចាំបាច់ផ្សេងៗទៀត។ បន្ថែមពីលើនោះ ប័ណ្ណនេះ ក៏អាចប្រើសម្រាប់ការចូលទៅកាន់ប្រទេសណាមួយនាពេលខាងមុខផងដែរ។
លោក ឥត សារ៉ាត់ បានលើកឡើងយ៉ាងដូច្នេះ «ប័ណ្ណចាក់វ៉ាក់សាំងនេះ មានសារៈសំខាន់ណាស់សម្រាប់យើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនាពេលខាងមុខ។ ខ្ញុំឃើញបងប្អូនយើងមួយចំនួនគាត់អត់រវីរវល់រឿងយកប័ណ្ណសោះ។ ដូច្នេះសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី២ ត្រូវរកប័ណ្ណចាក់វ៉ាក់សាំង ហើយយកទៅថែទាំ និងទុកដាក់ឱ្យបានល្អកុំឱ្យបាត់បង់»។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម បានចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងដូសទី១ ក្នុងតំបន់ក្រហម នៅខណ្ឌចំនួន៦ក្នុងរាជធានីភ្នំពេញ ចាក់បានជាង ៨០ម៉ឺននាក់ ខណៈដូសទី២ ចាក់បានជាង ៤៧ម៉ឺននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជាប្រធានប្រតិបត្តិលើការងារចាក់វ៉ាក់សាំងនេះ ទទូចដល់ប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងឱ្យបានទាំងពីរដូស ដើម្បីទទួលបានកងការពារសុខភាពពីមេរោគកូវីដ១៩ និងយកឈ្នះលើវិបត្តិបង្កដោយជំងឺកូវីដ១៩ ក្នុងសង្គមកម្ពុជា៕