(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅសប្ដាហ៍នេះ ត្រូវបានលើកទៅពេលក្រោយវិញ ដោយមិនកំណត់។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
អ្នកនាំពាក្យមិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការលើកពេលកិច្ចប្រជុំដ៏សំខាន់នេះទេ គ្រាន់តែបង្ហើបថា វាមិនអាចប្រព្រឹត្តទៅបានដោយសារបញ្ហាបច្ចេកទេស។ លោក កុយ គួង ក៏មិនទាន់បានដឹងពីកាលបរិច្ឆេទថ្មី ត្រូវរៀបចំកិច្ចប្រជុំខាងលើវិញ នៅថ្ងៃណានោះដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមជម្រាបជូនបណ្តាញសារព័ត៌មានទាំងអស់ជ្រាបថា មិនមានលទ្ធផលនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ដូចការគ្រោងទុកទេ ពិព្រោះកិច្ចប្រជុំនេះត្រូវបានលើកពេលទៅពេលក្រោយវិញ ដោយសារបញ្ហាបច្ចេកទេស»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក គ្រោងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏រំពឹងថាចូលរួមកិច្ចប្រជុំនេះដែរ។
ប៉ុន្តែនៅថ្ងៃប្រជុំដ៏សំខាន់ខាងលើ ស្រាប់តែរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បែរជាទៅធ្វើទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា នៅឯប្រទេសអ៉ីស្រាអែលទៅវិញ ដោយមិនជូនដំណឹងជាមុន និងមិនបានចាត់មន្ត្រីឲ្យជំនួសដែរ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
សកម្មភាពរបស់ប្រទេសមហាអំណាចពិភពលោកនេះ ត្រូវបានគេមើលឃើញថា កំពុងតែមើលងាយក្រុមប្រទេសអាស៊ាន។
កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក អេនតូនី ប្លីនខេន ត្រូវបានរំពឹងថា នឹងពិភាក្សាគ្នា អំពីវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់បន្ថែមទៀតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការដោះស្រាយវិបត្តិសុខុមាលភាពសកលនាពេលបច្ចុប្បន្ន និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម។
ជំនួបតាមប្រព័ន្ធវីដេអូនេះ ក៏ត្រូវឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញភាពជាដៃគូយុទ្ឋសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុង និងក្រៅតំបន់៕