(សៀមរាប)៖ បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃ ដើម្បីចុះកម្មសិក្សា ទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទ នៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់ បានបញ្ចប់ភារកិច្ចដោយជោគជ័យ។
កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុង ដោយអាជ្ញាធរជាតិអប្សរា និងដឹកនាំដោយមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា នៅតាមប្រធានបទ និងទីតាំងរួមទាំងសាស្ត្រាចារ្យ នៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សា នៅអូរថ្មដាប់នៃរមណីយដ្ឋានបេងមាលា ថ្ងៃទី៨ មីនា ព្រឹទ្ធបុរសមហាវិទ្យាល័យបុរាណវិទ្យា មួន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំទស្សនកិច្ចសិក្សា នៅខេត្តសៀមរាប គឺត្រូវបានឧបត្ថម្ភ គាំទ្រទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់និស្សិតបុរាណវិទ្យាឆ្នាំទី៤។ កម្មសិក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ ចំណេះដឹងផ្នែកទ្រឹស្តី នៅសាលាទៅនឹងការអនុវត្ត នៅលើទីតាំងផ្ទាល់ ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែ មានប្រសិទ្ធិភាព និងជាពន្លឺក្នុងការបញ្ចប់សារណាបានល្អ។
លោកព្រឹទ្ធបុរសក៏បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ដែលបានឧបត្ថម្ភគាំទ្រ ដល់កម្មសិក្សានិស្សិតបុរាណវិទ្យា រយៈពេល១០ថ្ងៃជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជូនមន្ត្រីជាសាស្ត្រាចារ្យជំនាញ ទៅបង្ហាត់បង្រៀននិស្សិតបុរាណវិទ្យាថែមទៀត។ ពិសេសជាងនេះ ក្រៅពីជួយបណ្តុះបណ្តាលធនធានមនុស្ស ជ្រោមជ្រែងសមត្ថភាពនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ អាជ្ញាធរជាតិអប្សរា ក៏បានផ្តល់កន្លែងការងារ ឱ្យនិស្សិតបុរាណវិទ្យា បានមកធ្វើការផងដែរពេលរៀនចប់ ជាក់ស្តែងមានអ្នកជំនាញបុរាណវិទ្យាជាច្រើន បានមកធ្វើការនៅទីនេះ ដែលជាការរួមចំណែកជួយជាតិ ជាខ្លាំងជាមួយសា្ថប័នអាជ្ញាធរជាតិអប្សរា។
កញ្ញា សឿ ចំរើនសុទ្ធី និស្សិតបុរាណវិទ្យាជំនាន់ទី២៤ សរសរសារណាអំពី «ជំនួញអំបិលនាសម័យបុរាណ» ក៏បានលើកឡើងដែរ ចំពោះដំណើរទស្សនកិច្ចសិក្សានេះថា ភាគច្រើននៅសាលា រៀនជាទ្រឹស្តី តែនៅកន្លែងនេះយើងបានរៀនសូត្រច្រើន ពីអ្វីដែលយើងបានរៀនកន្លងមក បូករួមនឹងការពន្យល់បន្ថែម ពីសាស្ត្រាចារ្យនិងមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា ប្រចាំផ្ទាល់នៅក្នុងតំបន់ ធ្វើឱ្យការសិក្សាកាន់តែច្បាស់ជាងមុន។ នៅទីនេះយើងមិនត្រឹមតែបានយល់ដឹង អំពីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាប៉ុណ្ណោះទេ យើងក៏បានដឹងយ៉ាងច្រើនទាក់ទង នឹងការជួសជុលប្រាសាទផងដែរ ពិសេសបានឃើញពីទឹកចិត្ត ប្រជាជនដែលចូលរួមសហការ ក្នុងការភិរក្សមរតក ដ៏មានតម្លៃនៃវប្បធម៌ខ្មែរ។
កញ្ញាមានក្តីរំភើបណាស់ ពេលមកដល់កន្លែងនេះ និងមោទនភាពជាខ្លាំង ចំពោះការសិក្សាបុរាណវិទ្យា គឺមិនត្រឹមតែបានសិក្សាកាន់ តែច្បាស់ពីតម្លៃវប្បធម៌ពិតប្រាកដនោះទេ
ថែមទាំងបានសិក្សាជាមួយ សាស្រ្តាចារ្យជាអ្នកស្រាវជ្រាវល្បីៗ មានគំនិតបណ្តុះបណ្តាល ធ្វើឱ្យកញ្ញាយល់កាន់តែច្បាស់ កាន់តែចង់ថែរក្សានូវអ្វីដែលមានឱ្យកាន់តែគង់វង្ស និងផ្សព្វផ្សាយអ្វីដែលចេះ ទៅកាន់សង្គមខ្មែរ និងសង្គមលើសាកលលោកទៀតផង។
លោក ចាន់ វិចិត្រ និស្សិតបុរាណវិទ្យាជំនាន់ទី២៤ផងដែរនោះ បានប្រាប់ថា ទោះបីខ្លួនសរសេរសារណា ទាក់ទងនឹងចម្លាក់នៅលើថ្មគោលពុទ្ធសាសនា នៅក្នុងសារមន្ទីរបាត់ដំបង តែការចុះកម្មសិក្សានៅសៀមរាបនេះ បានផ្តល់ចំណេះដឹងយ៉ាងច្រើនទាក់ទង នឹងការអនុវត្តជាក់ស្តែងដោយបានចុះ ទៅតាមការដ្ឋានផ្ទាល់ ស្ថានីយ៍នានា ប្រាង្គប្រាសាទបុរាណ ដោយមានអ្នកជំនាញនៅ តាមគោលដៅបានពន្យល់ និងបង្រៀនពីបច្ចេកទេស ព្រមទាំងប្រវត្តិនៃការជួសជុល ប្រាសាទទាំងនោះផងដែរ។ តាំងនាមឱ្យនិស្សិតបុរាណទាំងអស់ គឺមានសេចក្តីត្រេកអរជាខ្លាំង ដែលបានចុះមកកម្មសិក្សានៅទីនេះ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានជួយឧបត្ថម្ភទាំងស្រុង និងមានអ្នកជំនាញជួយជ្រោមជ្រែង ពន្យល់ណែនាំគ្រប់ទីតាំង ដើម្បីឱ្យនិស្សិតទាំងអស់បានយល់ដឹង ពីបុរាណវិទ្យា ប្រវត្តិសាស្ត្រ ការជួសជុល ការអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌ ប្រកបដោយចីរភាព៕