(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានណែនាំទៅកាន់សមាជិក សមាជិកា ក្រុមការងារបក្សប្រជាជនកម្ពុជាក្នុងខេត្តថា ការងារជាអ្នកបម្រើ និងជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ជាគោលការណ៍គ្រឹះរបស់គណបក្សប្រជាជនកម្ពុជា ហើយតែងតែនាំឱ្យប្រជាពលរដ្ឋផ្តល់សុភវិនិច្ឆ័យគាំទ្របក្សប្រជាជនក្នុងការដឹកនាំ។

លោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកា និងក្រុមការងារក្នុងខេត្តទាំងអស់ឱ្យចាប់ផ្តើមពិនិត្យការងារសំខាន់ៗ និងអាទិភាពទាំងឡាយ ដើម្បីផ្តល់ក្តីទុកចិត្ត និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ និងប្រធាន អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ ក៏បានជជែកច្រើនលើការងារ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនឆ្ពោះទៅការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានចង្អុលបង្ហាញទៅសមាជិក និងក្រុមការងារបក្សឱ្យចងចាំដែរថា ការងារស្នូលរបស់គណបក្សប្រជាជនមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិរយៈពេលជាង ៤០ឆ្នាំនេះ គឺការបម្រើ និងជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជនកម្ពុជា។បើតាមលោក មាស សុភា តាមរយៈការងារស្នូល និងជាគោលការណ៍គ្រឹះនេះ តែងធ្វើឱ្យគណបក្សទទួលបានការគាំទ្រ និងជឿទុកចិត្តពីម្ចាស់ឆ្នោត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានគូសបញ្ជាក់ថា៖ «ឆ្លងតាមពិសោធន៍នៃការដឹកនាំប្រទេសជាតិជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវស្មារតីបម្រើប្រជាពលរដ្ឋដោយស្មោះ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ស្មារតី និងការងារស្នូលទាំងនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋលោកជឿទុកចិត្ត និងផ្តល់ការគាំទ្រឱ្យបក្សប្រជាជនដឹកនាំប្រទេស»។

ឈរលើស្មារតីនេះ លោក មាស សុភា បានក្រើនរំលឹកដល់ក្រុមការងារបក្សនៅក្នុងខេត្តព្រះវិហារទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ ហើយត្រូវធ្វើដោយការទទួលខុសត្រូវខ្ពស់បំផុត។

បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់បក្សប្រជាជនរូបនេះ ក៏បានក្រើនរំលឹកសមាជិករបស់ខ្លួនទាំងអស់ ឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដូចជាការខ្វះខាតក្នុងជីវភាព ការលំបាកព្រោះគ្រោះមហន្តរាយ និងការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ជាដើម៕