(ភ្នំពេញ)៖ ក្រុមក្រុមអ្នកបើករថយន្តតាក់សុី និងម៉ូតូកង់បី ដែលចូលទៅដឹកភ្ញៀវកំលុងពេលផ្ទុះជំងឺកូវីដ១៩ខ្លាំង នៅតំបន់ក្រហមកាលពីកន្លះខែមុន បានប្រតិកម្មមិនព្រមបង់ការផាកពិន័យលើបទល្មើសរបស់ខ្លួន។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ នៅទីតាំងផាកពិន័យក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមអ្នកបើករថយន្តតាក់សុី និងម៉ូតូកង់បីទាំងនេះ កាលពីកន្លះខែមុន ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ទាំងមនុស្ស និងរថយន្ត ពេលពួកគេចូលទៅដឹកម៉ូយនៅតាមផ្លូវវេងស្រេងក្នុងតំបន់ក្រហម។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ហើយដកហូតរថយន្តនិងកង់បីរក្សាទុកនៅដីវាលជិតសាលាសង្កាត់នោះដែរ។
ក្រុមអ្នករត់រថយន្តតាក់ស៊ី និងម៉ូតូកង់៣ទាំងនេះ បានលើកឡើងថា ពួកគាត់បានចប់ការធ្វើចត្តាឡីស័ក ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ ប៉ុន្តែពេលទៅយករថយន្ត និងម៉ូតូកង់បី ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌ តម្រូវឱ្យពួកគេបង់ប្រាក់ផាកពិន័យ ទៅតាមការកំណត់ដោយច្បាប់។ ក្នុងនោះរថយន្ត១គ្រឿង បង់ ២លានរៀល និងម៉ូតូកង់បី ១គ្រឿង បង់ ១លានរៀល។
ក្រុមអ្នករត់តាក់ស៊ី និងម៉ូតូកង់៣ បានលើកឡើងថា ពួកគេជាប់ធ្វើចត្តាឡីស័កពុំបានរកលុយកន្លះខែមកហើយ ដូច្នេះមិនមានប្រាក់បង់ការផាកពិន័យ ទើបនាំគ្នាតវ៉ា។
បើទោះបីជាយ៉ាងណា មានករណីខ្លះមានការជជែកសម្របសម្រួលគ្នា ដោយអ្នករត់កង់បីខ្លះយល់ព្រមបង់ត្រឹម ៣០ម៉ឺនរៀល ក៏បានយកកង់បីត្រឡប់ទៅផ្ទះវិញ។ រីឯអ្នកខ្លះទៀតគ្មានលុយបង់បានត្រឹមទៅផ្ទះតែខ្លួនប៉ុណ្ណោះ រីឯរថយន្តឬកង់បីត្រូវបានសមត្ថកិច្ចរក្សាទុកដដែល។
ពាក់ព័ន្ធករណីនេះ លោក ហែម ដារិទ្ធិ បានគូសបញ្ជាក់ថា អ្នករត់តាក់ស៊ី និងម៉ូតូកង់បីចូលទៅដឹកមនុស្សចេញពីតំបន់ក្រហម គឺជាការបំពានទៅនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យពួកគេបង់ការផាកពិន័យដោយគ្មានការអនុគ្រោះនោះឡើយ៕