(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមប្រកាសថា សូមបងប្អូនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លានរៀល ទៅ ៥លានរៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ
លោក គឹម សន្តិភាព បានអះអាងថា ការយកសំណាកចំពោះបុគ្គដែលមានការពាក់ព័ន្ធ ឬសង្ស័យថា មានការជាប់ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកមេរោគកូវីដ១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។
សកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះ អាចជាប់ពន្ធនាគាររហូតដល់ ៥(ប្រាំ)ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕