(ភ្នំពេញ)៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ៤ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានចំនួន៣,០០៤,៣៧១,៩៧៨ដុល្លារ កើនជិត២០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,៥០៨,៩០៦,៤០៥ដុល្លារ។
ខណៈការនាំចេញទំនិញ របស់កម្ពុជា ទៅកាន់ប្រទេសចិន នៅរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៤២៣,៩៦០,៤១៧ដុល្លារ កើនឡើងជាង៤២% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន២,៥៨០,៤១១,៥៦០ដុល្លារ កើនឡើងជាង១៦%។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក កើនឡើង៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ។
កម្ពុជា និងចិន បានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ រួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ក្រោយពីភាគីទាំងពីរ បញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។
កសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។
ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់កម្ពុជាផងដែរ៕