(ស្វាយរៀង)៖ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ កម្មការិនី ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩។
ការនាំគ្នាសម្រុកចេញនេះ គឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយកជំងឺកូវីដ១៩ ទៅវិញ។ សកម្មភាពនេះ ក៏ផ្ទុយពីច្បាប់ផងដែរ ក្នុងករណីពួកគេមិនព្រមសហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់កម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងករណីខ្លួនមានការសង្ស័យ។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ថ្ងៃនេះអាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើតេស្តយកសំណាកកម្មករ កម្មការិនី ជិត១ពាន់នាក់ នៅរោងចក្រខាងលើ ក្នុងនោះបានរកឃើញវិជ្ជមានកូវីដ១៩ ជិត៦០នាក់ភ្លាម។
អាជ្ញាធរបានបញ្ជាក់ថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត៕