(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការចូលរួមរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៤ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ (WHA74) បានប្រារព្ធធ្វើឡើងពីថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ (Video Conference)។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងទូលាយ។ ប្រទេសកម្ពុជាបានគ្រប់គ្រងការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យពេញមួយឆ្នាំ២០២០ ដោយមានករណីជាវិជ្ជមានតិចជាង ៥០០ករណី និងគ្មានអ្នកស្លាប់។
កម្ពុជាពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឲ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូចនឹងប្រទេសជាច្រើនទៀតដែរ វីរុសកូវីដ-១៩ នៅតែចរាចរក្នុងប្រទេសកម្ពុជា។ យើងកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការចម្លងវីរុសកូវី-១៩ តាមរយៈការអនុវត្ត «៣ការពារ ៣កុំ»។
លោករដ្ឋមន្រ្តី បានបន្តទៀតថា មេរៀនជាបទពិសោធន៍ អាចឲ្យយើងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ ដើម្បីធានាបានទាំងសុខភាពសាធារណៈ និងដំណើរការសេដ្ឋកិច្ច ដែលប្រការនេះ ទាមទារ ឲ្យមានការដាក់ចេញនូវ «អភិក្រមវិស័យសុខាភិបាល លើសពីការគិតត្រឹមសុខភាព និងការវិនិយោគប្រកបដោយភាពច្នៃប្រឌិត» មួយចំនួនសម្រាប់អនាគត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញឲ្យអនុវត្តយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព។
បើតាមលោករដ្ឋមន្រ្តី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងគោលដៅសម្រេចឲ្យបានការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ១០លាននាក់ ក្នុងចំណោម ១៦លាននាក់ នៅខែមិថុនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃនេះប្រជាជនជាង២លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយ រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាល មនុស្សចាស់ ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា និងក្រុមងាយរងគ្រោះផ្សេងទៀត។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការអនុវត្តគោលនយោបាយចិនតែមួយ ដែលបានចែងយ៉ាងច្បាស់ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្ត លេខ ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក។
គោលបំណងរួមរបស់យើង ក្នុងការបញ្ចប់ជំងឺរាតត្បាតជាសកលនេះ ទាមទារឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ កម្ពុជា នឹងបន្តសហការជាមួយ បណ្តាប្រទេសនានា អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរ ឈានទៅសម្រេចពិភពលោក ប្រកបដោយសុខភាព និងសុវត្ថិភាពបំផុត។
ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតប
ជាសកលចំពោះជំងឺកូវីដ-១៩៕