(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ស្ពឺ លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលអំណោយ ជាស្បៀងអាហារចាំបាច់ ដែលចលនាដោយអាជីវករក្នុងផ្សារកំពង់ស្ពឺ ដើម្បីចូលរួមជាមួយអាជ្ញាធរសម្រាប់ប្រើប្រាស់ ក្នុងបេសកកម្មប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ដែលកំពុងយាយីខេត្តកំពង់ស្ពឺ និងរាជធានី-ខេត្តដទៃទៀត។
ជំនួសមុខឲ្យ លោក ហ៊ុន ម៉ានី និងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំងអស់ និងប្រជាពលរដ្ឋ នៃខេត្តកំពង់ស្ពឺ លោក សំ រិទ្ធី ដែលមានវត្តមាន ក្នុងឱកាសនោះ បានសម្តែងនូវមនោសញ្ចេតនារំភើប និងសប្បាយរីករាយក្រៃលែង ចំពោះស្មារតីសាមគ្គីភាព រួបរួមជាមួយអាជ្ញាធរដែលបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងខេត្តកំពង់ស្ពឺ ចំពោះមុខការប្រឈមដែលប្រទេសជាតិ ក៏ដូចជាខេត្តកំពុងជួបប្រទះ។
អ្នកតំណាងរាស្រ្តរូបនេះ សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតផងដែរ សូមមេត្តាបន្តចូលរួមអនុវត្តតាមការណែនាំ និងវិធានការនានាដែលក្រសួង និងអាជ្ញាធរបានដាក់ចេញជាបន្តបន្ទាប់សំដៅទប់ស្កាត់ និងលុបបំបាត់ជំងឺកូវីដ១៩ នេះឲ្យអស់ពីខេត្តកំពង់ស្ពឺ និងប្រទេសកម្ពុជា។
សម្ភារៈដែលបានទទួលនាឱកាសនេះ រួមមាន អង្ករ៤តោនកន្លះ, មី៣០កេស និងត្រីខ៥កេសធំ។
សូមជម្រាបថា ជានិច្ចជាកាល លោក ហ៊ុន ម៉ានី តែងតែបន្តជួយឧបត្ថម្ភដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានមកពីការគៀរគរពីសប្បុរសជននានាទាំងក្នុង និងក្រៅខេត្ត។ ដោយមានការឯកភាពពីអ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី សម្ភារៈដែលប្រគល់ជូននាថ្ងៃនេះ ត្រូវបានប្រគល់បន្តដល់រដ្ឋបាលខេត្តភ្លាមៗ ដើម្បីចាត់ចែងប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន៕