(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅក្រុងកំពង់ឆ្នាំង ចំនួន៣នាក់, ស្រុកសាមគ្គីមានជ័យ ចំនួន៤នាក់ និងស្រុកទឹកផុស ចំនួន៧នាក់។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១៩៧នាក់, ព្យាបាលជាសះស្បើយ ចំនួន៣១នាក់, ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១៦៣នាក់៕