(ក្រចេះ)៖ កោះសាមសិប គឺជាសហគមន៍អេកូទេសចរណ៍ដ៏សែនមនោរម្យមួយ គ្របដណ្ដប់លើភូមិចំនួន ៣ រួមមាន ភូមិខ្សាច់លាវ ភូមិកោះខ្ញែ និងងភូមិពន្ធជា នៃឃុំព្រែកគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានចម្ងាយប្រមាណជាង ៩០ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។
បណ្ដែតអារម្មណ៍លើផ្ទៃគង្គា ភ្ញៀវទេសចរប្រាកដជាបានឃើញនូវទស្សនីយភាពធម្មជាតិដ៏ប្លែកភ្នែក ដែលកំពុងឈរចាំស្វាគមន៍យ៉ាងរួសរាយរាក់ទាក់។ បន្តដំណើរទៅមុខទៀត រទេះគោរបស់កសិករខ្មែរ ត្រៀមចាំនាំភ្ញៀវទេសចរទៅលេងនៅឯចម្ការលើកោះ ដែលពោរពេញដោយភោគផលដំណាំដុះដាលខៀវខ្ចី។ អាហារឆ្ងាញ់ ផ្លែផល្លាផ្អែមត្រជាក់ចិត្ត ក្លិនពិដោរបុប្ផាក្នុងរបងរសាត់តាមខ្យល់ប្រហើរឈ្ងុយឈ្ងប់។
ចេញពីចម្ការនោះហើយ ភ្ញៀវទេសចរត្រូវបន្តដំណើរតាមកាណូត ឆ្ពោះទៅដល់ផ្ទៃកោះដ៏ពិសេសជាងគេមួយ ដែលសហគមន៍បានត្រៀមរៀបចំទុក កោះនេះហើយដែលអ្នកសន្មតថា «កោះសាមសិប»។ កំណប់ទេសចរណ៍ដ៏ពិសេសនៅលើកោះនេះ គឺមានច្រើនសម្បូរបែបណាស់ ពិសេសគឺការបោះតង់ ទស្សនាទេសភាពព្រៃប្រឹក្សា និងសត្វស្លាបចម្រុះប្រភេទ ដែលតែងរួមរស់អាស្រ័យនឹងព្រះគង្គាទន្លេមេគង្គ។
លុះពេលសន្ធ្យាជិតយាងមកដល់ ភ្ញៀវទេសចរក៏អាចរំសាយភាពស្មុគស្មាញ និងក្ដីហ្មងសៅទាំងឡាយ ជាមួយសម្រស់លោកាដែលកំពុងចរចាសាសងជាមួយពន្លឺព្រះសូរិយារៀបអស្ដង្គត។ រស្មីសូរ្យសែងរលត់បាត់ទៅ ភ្ញៀវទេសចរក៏ដល់នូវពេលទទួលទានអាហារ ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់បែបជនបទ ញ៉ាំងបរិយាកាសភោជនាហារនៅលើកោះសាមសិប ឱ្យរឹតតែរីករាយប្រពៃបំភ្លេចមិនបាន។ រីឯទិដ្ឋភាពសម្រាកក្នុងតង់ ក្រោមពន្លឺចន្ទ្រានារាត្រីខ្នើត ក៏បានដល់នូវភាពក្សេមក្សាន្តល្អឥតឧបមា។
ព្រហៀមថ្ងៃរះ អង្គព្រះសូរិយាយាងបររាជរថពីនាយបូព៌ាទិស សំឡេងបក្សាបក្សីស្រែកច្រៀងរីករាយអបអរថ្ងៃថ្មី ផ្ដាំប្រាប់អ្នកទេសចរកុំដាច់អាល័យ ថ្ងៃក្រោយនិស្ស័យគង់បានជួបទៀត។
លោក ឃុន សំអុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប បានលើកឡើងថា រដូវកាលដែលភ្ញៀវទេសចរអាចទៅទស្សនានៅសហគមន៍នេះបាន គឺមានគ្រប់រដូវកាល ពិសេសគឺចាប់ពីខែតុលាដល់ខែមិថុនា ដែលជារដូវទឹកស្រក កោះផុសឡើងពីផ្ទៃទឹក ឆ្នេរខ្សាច់ស្អាត សម្បូរត្រី និងសត្វស្លាប។ ប៉ុន្តែភ្ញៀវទេសចរក៏នៅតែអាចមកលេងកម្សាន្តនៅចន្លោះពីខែមិថុនាដល់ខែតុលាផងដែរ ដោយភ្ញៀវទេសចរអាចទទួលយកដំណើរកម្សាន្តមួយបែបផ្សេងទៀត។
លោក ឃុត សំអុល បានបន្តថា ភ្ញៀវទេសចរក៏មកទស្សនា និងថតរូបសត្វត្រយងនៅតំបន់សហគមន៍បានផងដែរ ដោយនៅទីនោះសម្បូរទៅដោយសត្វត្រយងចង្កុំកស។ ដើម្បីបានឃើញពួកវា ពេលខ្លះគេត្រូវចាក់ភ្លេងបញ្ឆោតឱ្យវាហើរមករក មកជិតសំឡេងនោះបានផងដែរ។
ជាការពិតណាស់ សម្បត្តិធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលមានវិសាលភាព ៥០,០៩៣ ហិកតានោះ គឺសុទ្ធតែបានផ្ដល់នូវសក្ដានុពពទេសចរណ៍យ៉ាងសម្បូរបែប សម្រាប់ឱ្យប្រជាសហគមន៍ប្រើប្រាស់ និងផ្ដល់សេវាកម្មជូនភ្ញៀវទេសចរគួរជាទីទាក់ទាញបំផុត។
លោក ឃុន សំអុល បានបន្តទៀតថា ប្រជាសហគមន៍នៅទីនោះ ពិតជាមានការពេញចិត្តយ៉ាងខ្លាំង ទៅនឹងការងារបម្រើសេវាកម្មជូនភ្ញៀវទេសចរ ពីព្រោះការងារនេះ ធ្វើឱ្យពួកគាត់បានទទួលនូវប្រាក់កម្រៃបន្ថែមគួរជាទីពេញចិត្ត ដែលបានលើកទឹកចិត្តឱ្យពួកគាត់ បន្តការងារអភិរក្សកេរដំណែលធនធានធម្មជាតិ បន្តនិរន្តរភាពបរិស្ថានឱ្យបានយូរអង្វែងតទៅមុខទៀត៕
សូមទស្សនាវីដេអូទេសចរណ៍ដែលផលិតដោយ Fresh Studio ដូចតទៅ៖