(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តំណាងរបស់លោកនាំយកអំណោយជាម៉ាសចំនួន ៣០,០០០ម៉ាស ប្រគល់ជូនអាជ្ញាធរមូលដ្ឋានចំនួន ៣គោលដៅផ្សេងគ្នារួមមានរាជធានីភ្នំពេញ, ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ប្រចាំងថ្ងៃ។
សម្រាប់អំណោយជាម៉ាសចំនួន ៣០,០០០ម៉ាស ដែលបានបែងចែកជា ៣គោលដៅនោះរួមមាន៖
*គោលដៅទី១៖ ដឹកនាំដោយលោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាំយកម៉ាសចំនួន ១,២០០០ម៉ាស ប្រគល់ជូនអាជ្ញាធរឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
*គោលដៅទី២៖ ដឹកនាំដោយលោក ជឹង ប៊ុនថេង នាំយកម៉ាស ១០,០០០ម៉ាស ប្រគល់ជូនអាជ្ញាធរនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
និងគោលដៅទី៣៖ ដឹកនាំដោយលោក សុខ សុរ័ត្នវឌ្ឍនៈ ជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាំម៉ាសចំនួន ៨,០០០ម៉ាស ប្រគល់ជូនអាជ្ញាធរ នៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការចាត់តំណាងនាំយកអំណោយជាម៉ាសមកចែកជូនដល់អាជ្ញាធរមូលដ្ឋាន ដើ ម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននាពេលនេះ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺបានបង្ហាញឱ្យឃើញពីទឹកចិត្តក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាដំណាក់កាលប្រទេសកម្ពុជា កំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។
ក្នុងឱកាសនោះដែរ តំណាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរសង្កាត់-ខណ្ឌ ឃុំ ស្រុក និងក្រុមគ្រូពេទ្យ ដើម្បីជៀសផុតពីជំងឺរាត្បាតកូវីដ១៩ ជាដើម។
បន្ថែមពីនេះតំណាងរបស់ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រ កន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩»។
តំណាងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង៕