(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៣៣នាក់បន្ថែមទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។
បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន០៤នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន០៦នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត ចំនួន២៣នាក់។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តស្វាយរៀង រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៨៣នាក់ ស្រី៣១១នាក់ ក្នុងនោះជាសះស្បើយ ចំនួន៣៦៩នាក់ ស្រី១៤៩នាក់, កំពុងសម្រាកព្យាបាល ចំនួន២០៨នាក់ ស្រី១៦០នាក់ និងករណីស្លាប់ ចំនួន៥នាក់ ស្រី២នាក់៕