(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន ១៧គ្រួសារ លើ ១៩គ្រួសារ ដែលមានទីលំនៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប ដោយចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ។
មន្ត្រីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លី ឆ្លើយតបយន្តការសម្របសម្រួលផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវ ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងសៀមរាប បានឱ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះនោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ដោយរៀបចំតំបន់នោះអោយមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត បានចាត់ទុកការស្ម័គ្រចិត្តចាប់ឆ្នោតដើម្បីយកទីតាំងថ្មី និងរុះរើលំនៅឋានចាស់ ដែលជាសំណង់ ស្ថិតនៅលើទីតាំងនៃដីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត គឹជាគម្រូមួយក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កិសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ក្នុងពេលបច្ចុប្បន្នក្រុមការងារបាននឹងកំពុងសាងសង់និងពង្រីកផ្លូវតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ពន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា៕