(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ដែលត្រៀមចេញទៅប្រកួតស៊ីហ្គេម ព្រមទាំងក្រុមវិស្វករ បុគ្គលិក កម្មករសាងសង់ក្រសួងការពារជាតិ និងកម្មករសាងសង់ពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់ ដូសទី២ រួចរាល់ហើយ នៅពហុកីឡដ្ឋានមរតកតេជោ។
ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ជូនដល់ក្រុមមនុស្សខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកីឡាជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
កញ្ញា ជា ឡៃវណ្ណ បម្រើការងារនៅក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ កញ្ញា មានអារម្មណ៍រំភើបណាស់ក្រោយបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ និងសូមអរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយ៉ាងយកចិត្តទុកបំផុត ដោយផ្តល់វ៉ាក់សាំងមកចាក់ជូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីសុខមាលភាពរបស់ប្រជាជនគ្រប់ៗគ្នា។
កញ្ញា ជា ឡៃវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចាញ់បោកឃោសនារបស់បុគ្គលមួយចំនួនតូចឱ្យសោះ ក្រោយកញ្ញាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់គឺមិនមានបញ្ហាអ្វីនោះទេ តែផ្ទុយទៅវិញវ៉ាក់សាំងនេះ បានការពារពីជំងឺកូវីដ១៩ ខណៈប្រជាជននៅតាមបណ្តាប្រទេសជាច្រើន ក៏បានចាក់វ៉ាក់សាំផលិតពីប្រទេសចិនផងដែរ។
លោក ចាន់ត្រា ជាប្រជាពលរដ្ឋស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម បានបញ្ជាក់ថា «ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ វាគឺជារឿងមួយដ៏ល្អ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែទទួលរងការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចការពារប្រជាពលរដ្ឋយើងឱ្យរួចផុតពីគ្រោះថ្នាក់នៃជំងឺនេះជាដើម»។
បន្ថែមនេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលទទួលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ចុះឈ្មោះឱ្យគ្រប់ៗគ្នា ដើម្បីជាផ្នែកមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ បង្ការ ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ ជាពិសេសត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។
លោកស្រី គុជ ហ៉ី ជាកម្មរសំណងបម្រើការនៅម្តុំវិមានឈ្នះឈ្នះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ «នៅពេលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ។ ក្រោយចាក់ហើយ គឺមានអារម្មណ៍ធម្មតា មិនមានអ្វីប្រែប្រួលនោះទេ តែផ្ទុយទៅវិញគឺសប្បាយចិត្ត ឥតឧបមាទៅវិញ»។
គិតត្រឹមយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៣០៦,៨២២នាក់។
របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,០៩២,២១៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៧៨៦,០២០នាក់ ខណៈចាក់លើកទី២ បានចំនួន ៧០៧,០៣៩នាក់៕