(កណ្តាល)៖ មណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបញ្ចប់ការសាងសង់ហើយ និងគ្រោងផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារ មកទីតាំងមណ្ឌលនេះវិញ ក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
ជុំវិញការសាងសង់មណ្ឌលយុវនីតិសម្បទាកនេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អមដំណើរដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះត្រួតពិនិត្យអាគារ និងការរៀបចំទូទៅក្នុងទីតាំងមណ្ឌល ស្របពេលដែលមណ្ឌលនេះបានបញ្ចប់ការសាងសង់រួចរាល់។
មណ្ឌលយុវនីតិសម្បទានេះ ជាមណ្ឌលទី១នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយអនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេង ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។
តាមគម្រោង នៃការផ្ទេរអនីតិជនល្មើសច្បាប់មកទីតាំងមណ្ឌលយុវនីតិសម្បទានេះ គឺអាចចាប់ផ្ដើមឡើងក្នុងកំឡុងខែ មិថុនាខាងមុខ។ នេះជាការបញ្ជាក់របស់លោក ឌីន បូរី ប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច។
លោកបន្តថា ក្នុងដំណាក់ដំណាក់កាលដំបូងនេះ គឺគ្រោងដាក់ចំនួន ១០០ ទៅ២០០នាក់ ដើម្បីសាកល្បង។ ចំណែកលទ្ធភាពផ្ទាល់របស់មណ្ឌលទាំងមូល គឺអាចទទួលអនីតិជនល្មើសច្បាប់ចំនួនរហូតដល់ ២០០០នាក់។ លោកពន្យល់បន្ថែមថា ការផ្ទេរអនីតិជនមកទីតាំងមណ្ឌលនេះ គឺមានរយៈពេលកំណត់ ក្នុងករណីអនីតិជនល្មើសច្បាប់ត្រូវបន្តទោសបន្ថែមទៀត គឺពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ។
លោក ឌីន បូរី បញ្ជាក់ដែរថា សម្រាប់ការផ្ទេរអនីតិជនល្មើសច្បាប់ពីពន្ធនាគារមកទីតាំងមណ្ឌលថ្មីនេះ ក៏នឹងមានការបណ្ដុះបណ្ដាលជំនាញជាច្រើនដែលស្របទៅនឹងតម្រូវការទីផ្សារពេលបច្ចុប្បន្ន ក្នុងនោះអាចមានជំនាញដូចជា ជុសជុលទូរស័ព្ទ អគ្គីសនី និងធ្វើម៉ាស៊ីនត្រជាក់ជាដើម ដើម្បីប្រក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតបន្ទាប់ពីបញ្ចប់ទោសទ័ណ្ឌ។
ពេលបច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច បាននឹងកំពុងបង្កើតសមិទ្ធផលធំៗចំនួន ៣នៅក្នុងភូមិសាសស្រ្តឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួមមាន៖
*ទី១៖ ការបង្កើតមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ដែលបានបើកដំណើរការមួយរយៈមកនេះ
*ទី២៖ គឺមណ្ឌលយុវនីតិសម្បទា ដែលទើបបញ្ចប់ការសាងសង់
*ទី៣៖ គឺមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលកំពុងស្ថិតក្រោមការសាងសង់៕