(ព្រះវិហារ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត បានប្រគល់អណ្តូងទឹក០២កន្លែង និងផ្ដល់គ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋ៨០គ្រួសារ នៅខេត្តព្រះវិហារ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
ពិធីនេះ មានការចូលរួមពីលោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើន។
លោក ខាន់ ខុន បានលើកថ្លែងឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋ ក្នុងបរិបទការរីករាដាលជំងឺកូវីដ១៩នេះ លោកបានប្រគល់ អណ្តូងទឹក០២ និងសម្ភារជាច្រើនជាគ្រឿងឧបភោគបរិភោគ ដោយមានការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អ ក្រុមហ៊ុន (ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd រួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេសបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈលោកផ្ទាល់ ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជា ទៅតាមលទ្ធភាពដែលមានក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ខាន់ ខុន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់ នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគនិងសម្ភារៈចាំបាច់បានទាន់ពេលវេលាដោយមិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
ជាមួយគ្នានេះលោក ខាន់ ខុន បានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
លោក ខាន់ ខុន ក៏បានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តឲ្យបាន៣ការពារនិង៣កុំតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។
អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត ដែលបាននាំយកអំណោយមកចែកជូនក្នុងគ្រាដែលជួបការលំបាកនេះ។ គួរបញ្ជាក់ថា ស្រុកត្បែងមានជ័យ ៤០ចំនួនគ្រួសារ និងស្រុកសង្គមថ្មីចំនួន៤០គ្រួសារ រួមអណ្ដូងទឹកចំនួន០២ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ៕