(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ដល់អំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ដ្រ និងថវិកា ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងំងឺកូវីដ១៩។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមជាមួយ លោក វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា នាទីស្ដីការក្រសួងសុខាភិបាល។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ចំណងមិត្ដភាពជាប្រពៃណី កម្ពុជា-វៀតណាម ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាល នៃជំងឺកូវីដ១៩ ភាគីមិត្ដវៀតណាម បានផ្ដល់ជំនួយឥតសំណង ជូនក្រសួងសុខាភិបាល រួមមាន៖
១៖ សម្ភារបរិកា្ខរវេជ្ជសាស្ដ្រមួយចំនួន គឺម៉ាសវេជ្ជសាស្ដ្របីស្រទាប់ អាវពាក់ការពារ (Disposable Scrub Suits) ម៉ាសវេជ្ជសាស្ដ្រនេះ ប្រឆាំងនឹងបាក់តេរី និងតំណក់តូចៗ ឧបករណ៍ធ្វើតេស្ដរកមេរោគរួមទាំងកញ្ចប់តេស្ដ
២៖ ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក នាថ្ងៃនេះ ជាជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមាន៖
*ម៉ាសចំនួន ២លាន
*ម៉ាស N95 ចំនួន ១០ម៉ឺន ក្នុងចំណោម៣០ម៉ឺនម៉ាស
*ម៉ាស៊ីនជំនួយដង្ហើម ចំនួន ៨០០គ្រឿង ។
រដ្ឋមន្ដ្រីសុខាភិបាល បានសង្គត់ធ្ងន់ថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានាថ្ងៃនេះ របស់រដ្ឋាភិបាល និងប្រជាជនវៀតណាម សបញ្ជាក់ពីចំណងមិត្ដភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការកម្ពុជា-វៀតណាម កាន់តែបានត្រូវពង្រឹង និងពង្រីកអត់ឈប់ឈរ និងបានបញ្ជាក់ កាន់តែច្បាស់អំពីដំណើរការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានតែមួយ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋនិយមវៀតណាម ប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក ជាពិសេស លើវិស័យសុខាភិបាល៕