(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ ១៨៤គ្រួសារ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅខេត្តកំពង់ឆ្នាំង ទទួលបានជំនួយជាស្បៀងអាហារពីមហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់, ឧបាសិកា ហ៉ឺ ប៊ុនសេង, លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ព្រមទាំងបុត្រាបុត្រី។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ឧកញ៉ា អុឹង ប៊ុនហ៊ូវ បានចាត់ក្រុមការងារជាបន្ទាន់បញ្ជូនស្បៀងអាហាររួមមាន អង្ករ ៤,០២៥គីឡូក្រាម, ទឹកពិសាភ្នំជប ៣៥០យួរ, ត្រីងៀត ១៨៤គីឡូក្រាម, សាច់ក្រក ១៨៤គីឡូក្រាម, ទឹកត្រី ១៨៤យួរ, ទឹកស៊ីអុីវ ១៨៤យួរ និងមី ១៨៤កេស ទៅប្រគល់ជូនប្រជាពលរដ្ឋទាំង ១៨៤គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុង និងថ្នាក់មូលដ្ឋានផងដែរ។

ស្ថិតក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ក្នុងតំបន់បិទខ្ទប់ តែភាពរីករាយចេញពីចិត្តរបស់ប្រជាពលរដ្ឋដែលទទួលបានការជួយសម្រាលទុក្ខលំបាកទ្រទ្រង់ជីវភាពនៅពេលខ្វះខាត ពិតជារកអ្វីប្រៀបផ្ទឹមពុំបាន។ នេះជាអ្វីដែលមហាឧបាសក មហាឧបាសិកា លោកឧកញ៉ានិងលោកស្រី តែងនឹកគិតចង់បាន ដោយការគិតគូរជួយគ្នានៅគ្រាលំបាកក្នុងនាមជាជនជាតិខ្មែរដូចគ្នា។ នេះក៏ជាការជួយសម្រួលបន្ទុកចំណាយមួយផ្នែករបស់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងមានបន្ទុកចំណាយដ៏ច្រើនដោយសារវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

លោក ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង សម្ដែងនូវការអរគុណ និងកោតសសើរនូវកាយវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌ និងគុណធម៌ របស់មហាឧបាសក មហាឧបាសិកា លោកឧកញ៉ា និងលោកស្រី ដែលជួយឧបត្ថម្ភការកសាងជាបន្តបន្ទាប់នូវវត្តអារាម សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងនាគ្រាលំបាក។

លោកអភិបាលរងខេត្ត បានចាត់ទុកថា ការចូលរួមនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការខ្វះខាតរបស់បងប្អូនពលរដ្ឋកំពុងរងគ្រោះដោយសារការរាតត្បាតពីជំងឺកូវីដ-១៩៕