(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍( AHF ) បានថ្លែងថាក្មេងស្រី និងស្ត្រី ដែលមានវ័យជំទង់ មានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន ក្នុងគ្រប់គ្រងអនាម័យនៅពេលមានរដូវ ជាពិសេសជាតម្រូវការចាំបាច់សំឡីអនាម័យ ដែលអាចជួយឱ្យពួកគេគ្មានផល វិបាកក្នុងការធ្វើការបំលាស់ទី មានសេរីភាពទៅគ្រប់ទីកន្លែងដែលអាចឲ្យពួកគាត់ចង់ទៅដូចជា ចូលរួមសកម្មភាពសង្គម ការសិក្សា និងការចូលរួមផ្សេងៗ ក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបញ្ជាក់ដូចនេះនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសថ្ងៃដំបូងនៃយុទ្ធនាការទិវាអនាម័យនារីពេលមានរដូវ និងចែកសំឡី អនាម័យដែលជាតម្រូវការរបស់ក្មេងស្រី ក្រោមប្រធានបទ «តម្រូវការចាំបាច់ មិនមែនជាភាពប្រណីត» នៅសាលាសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមាន ការចូលរួមពីកេ្មងស្រីចំនួន ១៥០នាក់ រួមទាំងអ្នកគ្រូ អាជ្ញាធរដែនដី ឃុំសង្កាត់ ក្នុងការអបអរសាទរ និងប្រារព្ធទិវាដែលមានសារៈសំខាន់នេះ។ យុទ្ធនាការនេះដែរនឹងរៀបចំឡើងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃតី២៨ ខែឧសភា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិតបានបន្តថា AHF កំពុងជួយអ្នកដែលអាចជួយបាន ហើយក៏បង្កើនសំលេង និងការគាំទ្រជាមួយក្មេងស្រី និងស្ត្រីប្រមាណ ៥០០លាននាក់ ដែលមិនមានលទ្ធភាពទទួលបានកន្លែងគ្រប់គ្រងអនាម័យពេលមានរដូវបានសមស្រប ។ AHF សូមអំពាវនាវ ដល់អ្នកតាក់តែងច្បាប់គ្រប់ជាន់ថ្នាក់ ត្រូវតែចាត់ទុកបញ្ហា ក្មេងស្រ្តី និងស្រ្តីនេះជាអាទិភាព ដើម្បីផ្តល់ការយល់ដឹង និងផ្តល់នូវសេវាកម្មចាំបាច់ និងហេដ្ឋារចនាសម្ព័ន្ធអនាម័យដែលជាតម្រូវការក្មេងស្រី និងស្ត្រីត្រូវការឱ្យបាន ប្រសើរ។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានឱ្យដឹងដែរថា ការជួយសម្របសម្រួលនិងការលើកទឹកចិត្ត និងផ្តល់ការអប់រំ ចំណេះដឹងដល់ក្មេងស្រីពីការគ្រប់គ្រងអនាម័យ នៅពេលមានរដូវ និងពិសេសនៅលើកដំបូងនៃជីវិតមានសារសំខាន់ណាស់ ដែលអាចឲ្យពួកគាត់ មានសុខភាពល្អ ដែលអាចឲ្យដំណើរជីវិតក្លាយទៅជាមាតា ដែលមានសុខភាពល្អក្នុងការថែរក្សាកូនៗ និងក្រុមគ្រួសារ និងប្រទេសជាតិបានរុងរឿង។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ក៏បានកោតសរសើរនឹងគំនិតផ្តួចផ្តើមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នេះ ដែលឲ្យយើងទាំងអស់គ្នាគិតពីបញ្ហាទាំងអស់នេះ ដែលត្រូវបានមើលរំលងកន្លងមក។
សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និងសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕