(បន្ទាយមានជ័យ)៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ត្រូវបានអាវុធហត្ថធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅចំណុចភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ៤ថង់តូច ស្មើនឹង ១៥៥ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ២៤៥១គ្រាប់ និងរថយន្តមួយគ្រឿង។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ អួង ឈៀងហៃ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី និងជាភ្នាក់ងារអ្នកយកព័ត៌មានរស្មីចេនឡា។ ចំណែកប្រពន្ធមានឈ្មោះ ឃុត ហួត អាយុ៣៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅក្នុងភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា មុនពេលកើតហេតុនោះ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់កំពុងជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅចំណុចកើតហេតុ។ ក្រោយពីបានទទួលព័ត៌មានហើយ លោកក៏បញ្ជាឲ្យកម្លាំងជំនាញធ្វើការបង្រ្កាបជាក់ស្តែង នៅក្នុងផ្ទះជនសង្ស័យតែម្តង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនទាំងអស់នេះពីបុរសម្នាក់ ដើម្បីយកមកលាក់ទុកជក់ និងធ្វើការចែកចាយលក់បន្តពិតមែន តែចៃដន្យអាក្រក់ត្រូវអាវុធហត្ថខេត្តព័ទ្ធចាប់ បាននៅក្នុងផ្ទះខ្លួនតែម្តង។ ចំណែកប្រពន្ធវិញក៏បានឆ្លើយសារភាពថាខ្លួន មិនពាក់ព័ន្ធនឹងការជួញដូគ្រឿងញៀន ជាមួយប្តីនោះឡើយ។
មកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងសាងសំណុំរឿងជនសង្ស័យ និងភស្តុភាងបញ្ជូនទៅតុលាកា ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕