(ត្បូងឃ្មុំ)៖ បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ បានវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

ប្រភពពីមន្រ្តីអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។

ប្រភពដដែលបានបន្តថា ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតដល់ស្លាប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃទៀតកំពុងនៅហូបបាយ។

ក្រោយកើតហេតុ ឃាតករ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕