(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៩៖០០នាទីយប់ ម៉ោងនៅកម្ពុជា នៅអគារ-ស វិមានរដ្ឋចំការមន លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ រួមមាន៖ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ លោក អ៊ុត ឈន លោក សំ ព្រហ្មនា និងលោក កែវ ពុទ្ធរស្មី ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមសន្និសីទប្រធានស្ថាប័ននៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association des Cours constitutionnelles francophones-ACCF) លើកទី៩ ស្តីពីសហសេវិកភាព (La collégialité) តាមរយៈវីដេអូខន់ហ្វេរិន (Vidéo conférence) ដែលកិច្ចប្រជុំនេះធ្វើនៅទីក្រុងបារីស ប្រទេសបារាំង ដោយកំណត់ម៉ោងប្រជុំតាមម៉ោងនៃប្រទេសកាណាដា។

សន្និសីទនេះមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន តុលាការធម្មនុញ្ញ ប្រធានតុលាការកំពូល និងជាប្រធានស្ថាប័នប្រហាក់ប្រហែល ព្រមទាំងសមាជិកដៃគូនានា សរុបចំនួន ៩៣រូប រួមមានជាអាទិ៍៖ លោក WAGNER Richard ប្រធានតុលាការកំពូលប្រទេសកាណាដា និងជាប្រធានសមាគមACCF លោក FABIUS Laurent ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បារាំង និងលោក Antoine MICHON អគ្គនាយកកិច្ចការនយោបាយ និងអភិបាលកិច្ចប្រជាធិបតេយ្យ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF: Organisation Internationale de la Francophonie)។

របៀបវារៈនៃសន្និសីទប្រធានស្ថាប័ននៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូនលើកទី៩ នេះ ក៏មានរៀបចំជាកិច្ចពិភាក្សាតុមូលនៃប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រធានតុលាការធម្មនុញ្ញនៃបណ្តាប្រទេសជាសមាជិកនៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ACCF ផងដែរ ដែលក្នុងនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជូនកិត្តិយសអញ្ជើញធ្វើជាវាគ្មិនទី១ ក្នុងកិច្ចពិភាក្សាតុមូលទី ១ ដែលមានវាគ្មិនជាប្រធានស្ថាប័នមកពីប្រទេសចំនួន ៥ គឺប្រទេសកម្ពុជា ប្រទេសរ៉ូម៉ានី ប្រទេសបារាំង ប្រទេសបេណាំង និងប្រទេសអាល់ហ្សេរី ដើម្បីពិភាក្សាក្រោមប្រធានបទ “ការអនុវត្ត និង វិធីសាស្រ្តពិនិត្យពិភាក្សា (les pratiques et méthodes de délibération)”។

ក្នុងកិច្ចពិភាក្សាតុមូលទី១នេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកយកប្រធានបទស្តីពី “លក្ខន្តិកៈនៃសហសេវិកភាព៖ ការអនុវត្តនិងវិធីសាស្រ្ត អនុវត្តការងារ នៅ ក្នុង ពេល ពិនិត្យ ពិភាក្សារបស់ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ” (Statut de la collégialité : la pratique et la méthode de travail du Conseil Constitutionnel du Cambodge, lors de sa session de deliberation ) ចែកជូនដល់អង្គសន្និសីទ ដើម្បីសិក្សាស្វែងយល់អំពីបទពិសោធន៍ពិសេស និងសំខាន់ៗ របស់ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពិនិត្យពិភាក្សា និងវិធីសាស្ត្រអនុវត្តការងារជាក់ស្តែង នៃការធ្វើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងសមត្ថកិច្ចពិនិត្យ និងដោះស្រាយវិវាទកម្មពាក់ព័ន្ធនឹងការបោះឆ្នោត និងសមត្ថកិច្ចពាក់ព័ន្ធនឹងការបកស្រាយ និងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់។

ទន្ទឹមនឹងនេះ ក៏មានការលើកជាសំណួរពិភាក្សាពីសំណាក់សមាជិកឯទៀតនៃអង្គសន្និសីទ ដើម្បីផ្លាស់ប្តូរបទ ពិសោធនទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ACCF។

សូមបញ្ជាក់ថា នៅរៀងរាល់ចន្លោះបីឆ្នាំម្តងនៃមហាសន្និបាតសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ACCF សមាគមត្រូវរៀបចំសន្និសីទប្រធានស្ថាប័ននៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូននេះ។ ដោយឡែកសម្រាប់ឆ្នាំ២០២១នេះ ដោយសារបញ្ហាការរីករាលដាលនៃមេរោគ Covid-19 សមាគមតុលាការធម្មនុញ្ញ ហ្វ្រង់កូហ្វូន បានសម្រេចធ្វើការប្រជុំតាមរយៈ Vidéo Conférence ដោយមានការចូលរួមពីគ្រប់សមាជិកភាពទាំងអស់នៃសមាគម។

សូមរំលឹកថា សមាគមតុលាការធម្មនុញ្ញប្រើភាសាបារាំង (ACCF) គឺជាសមាគមដែលត្រូវបានប្តូរ ឈ្មោះនៅក្នុងឆ្នាំ២០១៩ ពីសមាគម ACCPUF (L’association des Cours constitutionnelles ayant en partage l’usage du français) ដែលបង្កើតឡើងក្នុងឆ្នាំ២០០៧ ក្រោមការផ្តួចផ្តើមគំនិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដើម្បីរឹតចំណងទាក់ទងក្នុងសមាជិកហ្រ្វង់កូហ្វូន។ សមាគម ACCF រហូតមកដល់ពេលនេះ មានសមាជិកជាក្រុមប្រឹក្សាធម្មនុញ្ញ តុលាការធម្មនុញ្ញ តុលាការកំពូល និងស្ថាប័នប្រហាក់ប្រហែល ចំនួន ៤៨ ប្រទេស មកពីទ្វីប អាហ្រ្វិច អាមេរិច អឺរុប និងអាស៊ី។

ដោយឡែកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាប័នធម្មនុញ្ញតែមួយគត់ មកពីទ្វីបអាស៊ី ដែលក្លាយជាសមាជិកនៃសមាគម ACCF តាំងពីឆ្នាំ១៩៩៨ និងជាសមាជិកគណៈអចិន្រ្តៃយ៍ (Membre du Bureau) ចាប់ពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ន។ ក្រុមប្រឹក្សាធម្មនុញ្ញធ្លាប់ទទួលតួនាទីជាអគ្គហិរញ្ញិកនៃសមាគមនេះពីឆ្នាំ ២០១៥ ដល់ ឆ្នាំ២០១៨៕