(កណ្តាល)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏ដូចជាប្រជាពលរដ្ឋនៅបណ្តាខេត្តដទៃទៀតដែរ កំពុងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេបានបង្ហាញការរីករាយចំពោះការទទួលបានឱកាសចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរកស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋខ្មែរ។
លោក ចាប យុថន ប្រធានមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិខ្សាច់កណ្ដាល បានប្រាប់ Fresh News ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល បានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចាក់បានចំនួន ៥០៥៦នាក់ ស្រី ២១៨៣នាក់។
លោក ចាប យុថន បានគូសបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដំណើរការទៅបានល្អប្រសើរ ដោយមានកិច្ចសហការល្អរវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរពេទ្យខេត្ត ជាមួយមន្ទីរបង្អែកស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។ ប្រធានមន្ទីរពេទ្យបង្អែកស្រុករូបនេះ គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង និងអនុញ្ញាតចាក់ជូនប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល។ លោក ក៏បានអរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួលឱ្យដំណើរការចាក់វ៉ាក់សាំងនេះ ទទួលបានជោគជ័យ។
ដំណើរការចាក់វ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ត្រូវបានគេសង្កេតឃើញថា មានរបៀបរៀប ដោយអនុវត្តបានល្អប្រសើរលើវិធានការពារសុខាភិបាលការពារការចម្លងជំងឺកូវីដ១៩ ដូចជាត្រួតពិនិត្យកម្តៅ ការបាញ់អាល់កុលមុនចូលចាក់វ៉ាក់សាំង និងការៀបចំកន្លែងអង្គុយមានគម្លាតសុវត្ថិភាពជាដើម។ របៀបរៀបរយ និងសណ្តាប់ធ្នាប់ទាំងនេះ គឺទទួលបានពីការជួយសម្របសម្រួលពីអាជ្ញាធរក្នុងស្រុក។
លោក លី គន្ធា ប្រធានការិយាល័យផែនការគាំទ្រឃុំ បានឱ្យដឹងថា ដើម្បីគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងឱ្យសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលនោះ អាជ្ញាធរស្រុកបានយកចិត្តទុកដាក់ និងចូលរួមសហការយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមគ្រូពេទ្យ។
លោក លី គន្ធា បានគូសបញ្ជាក់ថា អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ តែងតែយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ដល់អាជ្ញាធរស្រុកឱ្យចូលរួមសហការ និងរៀបចំផែនការនានា ដើម្បីសម្រួលដល់ការងារចាក់វ៉ាក់សាំងឱ្យបានល្អប្រសើរ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩។
ប្រតិបត្តិករដ៏សំខាន់មួយទៀត ដែលធ្វើឱ្យការចាក់វ៉ាក់សាំងទទួលបានលទ្ធផលល្អប្រសើរដែរនោះ គឺក្រុមគ្រូពេទ្យជាអ្នកចាក់នេះតែម្តង។ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាលនេះ ក៏ដូចជានៅទីតាំងចាក់វ៉ាក់សាំងដទៃទៀតដែរ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន។ គ្រូពេទ្យដែលទទួលភារកិច្ចចាក់វ៉ាក់សាំង បានប្រឹងប្រែងចាក់វ៉ាក់សាំងដោយមិនខ្លាចការនឿយហត់ ហើយមិនបានគិតថ្លៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកនោះឡើយ។
លោកវេជ្ជបណ្ឌិត ហួត ភីរ៉ា គ្រូពេទ្យបម្រើការងារចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល បានលើកឡើងថា ក្រុមគ្រូពេទ្យរបស់លោកពេញចិត្តនឹងការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ។ លោកបានគូសបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋទទួលបានវ៉ាក់សាំង គឺជួយការពារពួកគាត់មិនឱ្យប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ហើយក៏ជួយមិនឱ្យឆ្លងចូលសហគមន៍ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ជាជួយការពារដល់ក្រុមគ្រួសារពេទ្យ។ ព្រោះថា បើប្រជាពលរដ្ឋក្នុងសហគមន៍មិនមានកើតជំងឺកូវីដ១៩ ដូច្នេះក៏មិនអាចចម្លងទៅកាន់ក្រុមគ្រួសាររបស់គ្រូពេទ្យផងដែរ។
វ៉ាក់សាំង គឺជាឱសថដ៏ចាំបាច់បំផុតក្នុងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដែលជាជំងឺកាចសាហាវមួយលើពិភពលោកនាពេលបច្ចុប្បន្ន។ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងនៅក្នុងស្រុកខ្សាច់កណ្តាលនេះ បានចាត់ទុកការបានចាក់វ៉ាក់សាំង គឺជាការទទួលបានកងការពារការពារខ្លួនមិនឱ្យឆ្លងជំងឺកូវីដ១៩។ ពួកគេបានសម្តែងសម្តែងភាពរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានរកវ៉ាក់សាំងមកចាក់ជូនពួកគេ៕