(ភ្នំពេញ)៖ ក្រុមអ្នកជំនាញល្បីៗ លើវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញក្ដីសង្ឃឹមចំពោះការវិលត្រឡប់ចូលមក វិនិយោគរបស់ចិននៅកម្ពុជា បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្បើយឡើងវិញ ដោយក្នុងនោះអ្នកជំនាញបានដាក់ក្ដីរំពឹងថា ចិនជាប្រទេសទី១ និងដំបូងគេ ក្នុងការវិលត្រឡប់មកវិនិយោគនៅកម្ពុជា។
លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ចិននឹងក្លាយជាប្រទេសទី១ ក្នុងការចូលមកវិនិយោគនៅកម្ពុជា។
លោក សន សៀប បានថ្លែងថា «ខ្ញុំជឿជាក់ថា បន្ទាប់ពីជំងឺកូវីដបានថមថយនៅកម្ពុជា ចិននឹងឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅកម្ពុជា។ និយាយជារួមក្រៅអំពីចិន ក៏មានប្រទេសផ្សេងៗដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី និងថៃជាដើមផងដែរ»។
លោកបន្ដថា វិស័យអចលនទ្រព្យ គឺជាវិស័យមួយដែលកម្ពុជា ទទួលបានផលដោយផ្ទាល់ ពីការវិនិយោគរបស់ចិន ជាក់ស្ដែងក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០២០ ការវិនិយោគផ្ទាល់របស់ចិន មកតំបន់អាស៊ានកើន៥១ភាគរយ ហើយចំពោះកម្ពុជាការវិនិយោគរបស់ចិន កើនដល់៧០ភាគរយ។
លោកថា ចិនមានការវិនិយោគ៥ប្រភេទរួមមាន៖ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ស្ថិតនៅក្រោមគម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយ, វិនិយោគលើផលិតកម្ម និងបង្គុំ, វិនិយោគលើគម្រោងវិស្វកម្ម, វិនិយោគលើវិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (E-commerce)។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមហ៊ុន CPL Cambodia បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជា ក៏កំពុងទាក់ទាញវិនិយោគិនចិនផងដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារួចហើយនោះ នឹងជួយជំរុញដល់ការវិនិយោគរបស់ចិនលើវិស័យកសិកម្ម ដែលចិនត្រូវការផលិតផលកសិកម្មដែលសុវត្ថិភាព។
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាល CVEA ក៏បានលើកឡើងថា សម្រាប់ឆ្នាំ២០២២-២០២៣ ប្រសិនបើជំងឺកូវីដ១៩ ត្រូវបានគ្រង់គ្រងបាន វិស័យអចលនទ្រព្យនឹងមានចរន្ដសកម្មឡើងវិញ នោះកម្លាំងទិញនឹងមានកត្តាវិជ្ជមានច្រើន។
លោកបានបញ្ជាក់ទៀតថា ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក្នុងឆ្នាំ២០២២ ការកម្រើកឡើងវិញនៃវិស័យអចលនទ្រព្យក៏មិនខ្លាំងក្លា ជាងឆ្នាំ២០២១ប៉ុន្មាននោះដែរ ដោយសារតែប្រទេសមួយចំនួន មិនទាន់មាននិន្នាការក្នុងការបើកទូលាយ ក្នុងការធ្វើដំណើរនៅឡើយទេ ដូច្នេះនេះបញ្ជាក់ថា មិនទាន់មានផលល្អខ្លាំងនោះទេ ចំពោះការទិញពីខាងក្រៅបានឡើយ។
លោក លឹម សុជាតិ បានបញ្ជាក់ថា «និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិនជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំដោយសារតែ ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជន ដែលមានជីវភាពធូរធាខ្លាំងដែរ»។
លោកបន្ដទៀតថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ, សឹង្ហបុរី, វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។ និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុគ្រោះច្រើន។
លោកបញ្ជាក់ថា «ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិនពី ក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង»។
លោក ច្រឹក សុនីម ប្រធាន CVEA បានលើកឡើងថា បើសិនជាមើលឲ្យស៊ីជម្រៅក្នុងវិស័យចលនទ្រព្យ ការវិនិយោគរបស់ចិន គឺសម្លឹងមើលលើតំបន់ដែលអាចកសាងសហគមន៍របស់ខ្លួន។ នៅកម្ពុជាចិនបានចាប់ផ្តើមកសាងសហគមន៍២ធំៗនៅកម្ពុជា គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជំរុញឲ្យមានការរីកចម្រើន។
លោកបន្តថា «និយាយជារួមការវិនិយោគរបស់ចិន នៅក្នុងប្រទេសកម្ពុជា គឺជាបងធំទី១ ដែលជាវិនិយោគិនធំក្នុងប្រទេសកម្ពុជា ហើយក្តោបទៅលើក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដែលជាការវិនិយោគចំណាយធនធាន និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដូច្នេះវិស័យលំនៅដ្ឋាន និងអគារពាណិជ្ជកម្មនឹងរីកចម្រើន ក្នុងពេលអនាគត»។
យោងតាមតួលេខដែលកក់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០២០ កម្ពុជាទទួលបានទុនវិនិយោគសរុបចំនួន ៨ ២៥០លានដុល្លារ ក្នុងនោះការវិនិយោគរបស់ចិន មានចំណែក ១៩.៧៤% ស្មើនឹងទុនវិនិយោគជាង ១ ៦០០លានដុល្លារ៕