(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅស្រុកសាមគ្គីមានជ័យ ចំនួន៦នាក់, នៅស្រុកកំពង់ត្រឡាច ចំនួន១នាក់, នៅស្រុកទឹកផុស ចំនួន១នាក់ និងស្រុករលាប្អៀរ ចំនួន៧នាក់។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១៨៣នាក់, ព្យាបាលជាសះស្បើយ ចំនួន៣១នាក់, ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១៥០នាក់៕