(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ឆាយ ហុង ព្រះរាជអាជ្ញារងតំណាងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បាននាំយកអំណោយ ក្នុងនោះមានម៉ាសចំនួន ២២,៥០០ម៉ាស និងអាកុលចំនួន៣០០លីត្រ ជូនពន្ធនាគាររាជធានីភ្នំពេញ (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ, មណ្ឌលឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្នុងគោលបំណងដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។
លោកព្រះរាជអាជ្ញារង ឆាយ ហុង បានសំដែងការកោតសរសើរ ដល់នាយកគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ PJ, ប្រធានមណ្ឌលឱកាសខ្ញុំ និងប្រធានមជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ នាពេលកន្លងមក ក្នុងការខិតខំបំពេញការងារ ក៏ដូចជាការចូលរួមប្រចាំការយ៉ាងសកម្ម ជាពិសេសនៅក្នុងកំឡុងពេល បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងមក ប្រកបដោយការទទួលខុសត្រូវខ្ពស់៕