(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជាជំនួយដល់សិស្សានុសិស្ស។
ក្រសួងអប់រំ បានឲ្យដឹងថា ដើម្បីជាជំនួយដល់ការសិក្សា របស់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រសួងបានកំណត់ឲ្យគ្រឹះស្ថាន បឋមសិក្សា និងមធ្យមសិក្សាសាធារណៈទាំងអស់ ត្រូវអនុវត្តមុខវិជ្ជាកាតព្វកិច្ច គ្រប់កម្រិតថ្នាក់តាម «កម្មវិធីសិក្សាបង្រួញ» ដូចមានក្នុងសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈឆ្នាំសិក្សា ២០២០-២០២១។
ក្រសួងបន្តថា ដើម្បីធានាបានថា សិស្សានុសិស្សនៅតែអាចបន្តការសិក្សាបាន ក្រសួងបានលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បន្តការសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិកទៅតាមលទ្ធភាព ជាពិសេសការទាញយកនូវធនធានអប់រំឌីជីថល ដែលមានស្រាប់សម្រាប់ជាជំនួយដល់ការសិក្សា រួមមាន៖ សៀវភៅសិក្សាគោលអេឡិចត្រូនិក វីដេអូបង្រៀនគ្រប់កម្រិតភូមិសិក្សា និងសន្លឹកកិច្ចការមេរៀននីមួយៗ។
ជាមួយគ្នានេះ ក្រសួងអប់រំអំពាវនាដល់ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស ចូលរួមជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ជាពិសេសផ្តល់លក្ខខណ្ឌអំណោយផលតាមគ្រប់រូបភាព ដើម្បីអាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យបានជាប់ជាប្រចាំ តាមរយៈការចូលប្រើប្រាស់ និងទាញយកពីគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដូចបានបង្ហាញជូនខាងលើ តាមការគួរ៕