(ឧត្តរមានជ័យ)៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញមុខក្រុមជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់ និងប្រើប្រាស់អាវុធខុសច្បាប់ ធ្លាប់បាញ់មកលើសមត្ថកិច្ចបណ្តាលឱ្យរងរបួសកាលចុងឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា៖ «ដោយមានការចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ១ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីយប់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ កន្លងទៅ»។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកចំនួន៣កញ្ចប់ ស្មើនឹង១២.៧២ក្រាម និងដកហូតបានសម្ភារមួយចំនួនទៀត។ ក្រោយមកសមត្ថកិច្ចបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត (អនុវត្តន៍តាមដីកា) មានឈ្មោះ គៀង វ័ន ហៅ ឃ្លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅស្រុកអន្លង់វែង ជាមុខសញ្ញាចាស់ចេញពីពន្ធនាគារពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឆ្នាំ២០១៤ និងកាច់ករម៉ូតូឆ្នាំ២០១៧។
ឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ទៀតថា៖ «ជនសង្ស័យឈ្មោះគៀង វ័នហៅឃ្លីនេះ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ កន្លងទៅ បានធ្វើសកម្មភាពបាញ់ប្រហារមកលើសមត្ថកិច្ចយើង បណ្តាលឱ្យរងរបួសមន្ត្រីនគរបាល ១នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ»។
បច្ចប្បន្ននេះ ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការទៅតាមនីតិវិធីច្បាប់៕