(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន២១នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។
អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ មាននៅក្រុងស្វាយរៀង ចំនួន២នាក់, ស្រុកស្វាយជ្រំ ចំនួន៩នាក់, នៅតំបន់ SEZ សានតុង សាន់ស៊ែល ចំនួន៣នាក់ និងអ្នកចំណាកស្រុកវិលចូលក្នុងខេត្ត ចំនួន៤នាក់។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១៨នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួនម្នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត ចំនួន២នាក់។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តស្វាយរៀង រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៥០នាក់ ស្រី២៨៧នាក់ ក្នុងនោះជាសះស្បើយ ចំនួន៣៦៧នាក់ ស្រី១៤៨នាក់, កំពុងសម្រាកព្យាបាល ចំនួន១៧៧នាក់ ស្រី១៣៧នាក់ និងករណីស្លាប់ ចំនួន៥នាក់ ស្រី២នាក់៕