(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវមួយដល់ម្ចាស់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងអស់ ត្រូវអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។
ក្នុងសេចក្ដីអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន ១,៦៣៣,២៦២នាក់ (សរុបទាំងពីរលើក) គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ការចេញសេចក្ដីអំពាវនាវនេះ ធ្វើឡើងដើម្បីជំរុញការចាក់វ៉ាក់សាំងបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីអំពាវនាវនេះ ដោយស្មារតីយោគយោលអធ្យាស្រ័យខ្ពស់ និងក្នុងបុព្វហេតុតម្កល់នូវសុខុមាលភាពសាធារណៈជាធំ ក្នុងន័យកាត់បន្ថយឲ្យបានជាអតិបរមានូវការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕