(តូក្យូ)៖ ក្រសួងសុខាភិបាល, កម្មករ និងសុខុមាលភាពជប៉ុន នៅថ្ងៃសុក្រម្សិលមិញ បានអះអាងថា មានករណីអ្នកជំងឺម្នាក់ទៀត ដែលបានឆ្លងមេរោគ ជាមួយនឹងវីរ៉ុស Zika បន្ទាប់ពីវិលត្រឡប់មកកាន់ជប៉ុន ក្រោយបញ្ចប់ដំណើរកម្សាន្ត នៅក្នុងប្រទេសប្រេស៊ីល នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ។
ក្រសួងបន្តថា ករណីនេះបានកើតឡើងលើស្រ្តីមា្នក់ មានអាយុជាង៣០ឆ្នាំ ដែលត្រូវបានគេជឿជាក់ថា បានឆ្លងមេរោគ ដែលកើតឡើងចេញពីសត្វមូសនេះ ក្នុងអំឡុងពេលដំណើរកម្សាន្តរយៈពេល២សប្តាហ៍ ទៅកាន់ប្រទេសប្រេស៊ីល ហើយបានបញ្ចប់ដំណើរកម្សាន្ត កាលពីខែមុន។
ស្រ្តីនេះជាប្រជាជនរស់នៅក្នុងខេត្ត Aichi ភាគកណ្តាល ប្រទេសជប៉ុន មានសញ្ជាតិបរទេស ហើយបានបញ្ជាក់ថា ករណីនេះត្រូវបានអះអាងឡើង បន្ទាប់ពីនាងឲ្យដឹងថា មានបញ្ហាផ្តាសាយ និងជំងឺសន្លាក់ឆ្អឹង នេះបើតាមការឲ្យដឹងពីក្រសួសុខាភិបាល ប៉ុន្តែមិនបានឲ្យដឹងថា នាងមានសញ្ញាតិអ្វី ឬក៏នាងជាស្រ្តីមានផ្ទៃពោះឬអត់នោះទេ។
សូមជម្រាបថា ករណីថ្មីនេះបានកើតឡើង បន្ទាប់ពីកាលពីខែមុន ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្មេងប្រុសវ័យជំទង់ម្នាក់ រស់នៅក្នុងខេត្ត Kawasaki ជិតទីក្រុង Tokyo បានឆ្លងមេរោគជាមួយនឹងវីរ៉ុស Zika បន្ទាប់ពីធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសប្រេស៊ីល៕