(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ។
ក្នុងឱកាសនោះ លោក វេង សាខុន បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបាន ក្នុងរយៈពេលជិត៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន៖
១៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១.៤៥% នៃផែនការ ៤៥៩ ២០០ ហិកតា, ទទួលបានផលសរុប ២.៩៣លានតោន លើសឆ្នាំទៅចំនួន ៥៤ ០០០តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤.៥៣តោនក្នុង១ហិកតា។
២៖ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧.១៣% នៃផែនការ ២.៦០លានហិកតា លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហិកតា។
៣៖ ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤.១៣លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១.១១លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖
* ការនាំស្រូវចេញបានចំនួន ១.៦លានតោនច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
* ចំណិតដំឡូងមី ១.២ លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
* គ្រប់ស្វាយចន្ទី ០.៨លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
* គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
* សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
* ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
* ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
* ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
* ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
* ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
* ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
* ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅតាមមុខព្រួញ ទទួលខុសត្រូវ និងការចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្ត ដោយត្រូវប្រកាន់ខ្ចាប់នូវវិធានការរបស់សុខាភិបាល ៣ ការពារ និង៣កុំ ជាប់ជានិច្ច៕