(ព្រៃវែង)៖ លោក ឡុង ស្រេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើល ការសាងសង់អាគារសិក្សា ភាសាអង់គ្លេស និងរៀនកុំព្យូទ័រ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចខេត្តព្រៃវែង ដើម្បីទុកឲ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទទួលយកចំណេះដឹងផ្នែកភាសា និងផ្នែក IT ដែលបច្ចុប្បន្នកំពុងមានតម្រូវការយ៉ាងខ្លាំងលើផ្នែកចំណេះដឹង និងផ្នែកទីផ្សារការងារ។
ក្រៅពីចុះមើលការងារសាងសង់សាលាលោក ឡុង ស្រេង និងសហការីក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំង៨ ភូមិនៅក្នុងឃុំត្នោត ទាំងមូលដោយក្នុងនោះ លោកក៏បានពាំនាំយកនូវពូជដំណាំកសិកម្មទៅប្រគល់ជូនប្រជាកសិករចំនួន១៨គ្រួសារ និងទុយោទឹកដែលជាប្រព័ន្ធស្រោចស្របសំរាប់បំរើឲ្យផ្នែកកសិកម្មជូនសហគមន៏ដំណាំកសិកម្ម ទុកប្រើប្រាស់នៅក្នុងសហគមន៍ផងដែរ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋលោក ឡុង ស្រេង បានលើកឡើងថា បច្ចុប្បន្នកូនចៅប្រជាពលរដ្ឋក្រៅពីសិក្សាភាសាខ្មែរដែលជាភាសាយាន្ត ក៏ត្រូវសិក្សាបន្ថែមនូវភាសាអង់គ្លេស និងកុំព្យូទ័រ ថែមទៀតព្រោះបច្ចុប្បន្ននេះបើចេះបន្ថែមនូវភាសាអង់គ្លេស និងកុំព្យូទ័រ ក្រោយបញ្ចប់ការសិក្សា គឺងាយរកការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ហើយក៏ស្របតាមគោលនយោបាយ ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៣ នីតិកាលទី៥ផងដែរ៕