(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានទាហានឈុតខ្មៅថៃ បាញ់ចំកំភួនជើងស្តាំងបណ្តាលឱ្យរងរបួសធ្ងន់ ខណៈលួចឆ្លងដែនខុសច្បាប់ចូលក្នុងខេត្តត្រាត ប្រទេសថៃ ដើម្បីកាប់ឈើគ្រញូង។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះច្រកភ្លុកដំរី (ច្រកព្រំដែន កម្ពុជា-ថៃ) ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក លន់ លាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើមានព័ត៌មានពីភាគីថៃថា មានករណីកម្មករខ្មែរឈ្មោះ លាន ណាត អាយុ៣១ឆ្នាំ រស់នៅភូមិក្រដូងឃុំក្រដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ស្នាក់នៅរោងចំការមិនមានមនុស្សនៅ (កំពុងស្រាវជ្រាវ) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង បានលួចឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ក្រោយមកត្រូវបានទាហ៊ានថៃបាញ់ ត្រូវចំត្រង់កំភួនជើងខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់។
លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ បានបន្តថា ចំពោះវត្ថុតាង ដែលទាហានឈុតខ្មៅថៃ ប្រគល់ឱ្យសមត្ថកិច្ចយើង រួមមានម្សៅក្រាមព័ណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០១កញ្ចប់តូច និងថង់ទទេរ០១ ភ្ជាប់ជាមួយជនរងគ្រោះ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានកម្លាំងវរៈ៨២៥, វរៈ៥០១ និងក្រុមការងារទំនាក់ទំនង់ព្រំដែនកម្ពុជា-ថៃ ប្រគល់បន្តមកប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា។ ចំពោះករណីនេះ ដោយសារជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ជាមុនសិន រងចាំស្រាវជ្រាវបន្ត៕