(បាត់ដំបង)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមួយចំនួន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។
សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធី ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រួមមាន៖
១៖ លោក តេង រតនា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់
២៖ លោក អ៊ុ ចាន់ថុល ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ
៣៖ លោក គឹម ម៉េង ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តប៉ៃលិន
៤៖ លោក កែវ សុជាតិ ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
៥៖ លោក កើត វណ្ណារ៉េត ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
៦៖ លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប
៧៖ លោក សេង គីមឡាក់ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី ហើយលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង, ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់ តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបន្តផ្តល់ការណែនាំដល់ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធានការនានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ។
ថ្លែងក្នុងពិធីនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមដំណើរវិវត្តន៍នៃកំណែទម្រង់ដោយត្រូវបន្តសិក្សាជាប្រចាំ ហើយត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនេះ ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូង ដែលទទួលបានជោគជ័យក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ៕