(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានសហការដាក់គោលដៅត្រួតពិនិត្យ និងឃាត់រថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្មជាបន្តទៀតហើយ បន្ទាប់ពីមានបទបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។ យុទ្ធនាការនេះធ្វើឡើងដើម្បីដើម្បីបង្ការ ទប់ស្កាត់ប្រភេទរថយន្ដ ដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារផ្សេងៗសំពីងសំពោង ជាពិសេសត្រួតពិនិត្យចំពោះរថយន្ដដែលធ្វើដំណើរចូលរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។
លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវ ទទួលផែនសេនាធិការបានឲ្យភ្នាក់ងារ Fresh Newsឲ្យដឹងថា ក្រោយទទួល បានការដឹកនាំបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវភ្លាម នាវេលាម៉ោង១រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ និងបន្តសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់ពង្រាយកម្លាំងគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដើម្បីត្រួតពិនិត្យ និងឃាត់រថយន្ដ ដឹកដី ដឹកខ្សាច់ ដឹកថ្ម និងរថយន្ដធុនធំដែលដឹកសំ ពីងសំពោងតទ្រង់ខុសបច្ចេកទេស។ អធិការរងខណ្ឌឫស្សីកែវលោក ចាន់ ពៅ ទទួលផែនសេនាធិការបានបញ្ជាក់ថា យោងតាមបទបញ្ជាពីថ្នាក់លើ ត្រូវបានអនុវត្ត ធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ដល់ថ្ងៃទី១១ ខែមីនា។
សម្រាប់ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅ៣ខណ្ឌរួមមានខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដែលថ្ងៃម្សិលមិញសមត្ថកិច្ច និងអាជ្ញាធរបានឃាត់រថយន្តជាង១៣០គ្រឿង៕