(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ជាប្រចាំនូវតួនាទីភារកិច្ច ការទទួលខុសត្រូវ នៅក្នុងដែនសមត្ថកិច្ចដែលកំណត់ដោយច្បាប់ ដោយគ្មានការរើសអើងចំពោះឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនបានល្អប្រសើរ ក្នុងន័យរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូច បានស្នើក្រសួងមហាផ្ទៃ ឱ្យមានចំណាត់ការផ្លូវច្បាប់ លើបទល្មើស និងអំពើមិនគប្បីនានា ដែលប្រព្រឹត្តដោយបុគ្គលមានធនធាន និងមន្ត្រីរាជការសាធារណៈមួយចំនួន ក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឱ្យមានអន្តរាគមន៍សំដៅលុបបំបាត់វប្បធម៌ និទណ្ឌភាព និងវប្បធម៌បន្ទោសជនរងគ្រោះ ដើម្បីគាំពារដល់ស្ត្រី និងយុត្តិធម៌សង្គម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាឧត្តសេបនីយ៍ ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែនសមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការរើសអើងចំពោះឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនបានល្អប្រសើរ ក្នុងន័យរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្តច្បាប់ក្តី ក្រសួងមហាផ្ទៃ តែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយជាក់ស្ដែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តសេនីយ៍ បានបន្តថា តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីជាប្រឈមមុខនឹងស្ថានភាពនៃជំងឺកូវីដ-១៩ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ នៅតែបន្តខិតខំ និងមានការប្តេជ្ញាចិត្តយ៉ាងមោះមុត បំពេញបេសកកម្មតស៊ូបង្រ្កាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានស្មើនឹង៩០% នៃចំនួនបទល្មើសដែលកើតឡើង ព្រមទាំងបានសហការបញ្ជូនបទល្មើសទៅតុលាការ ចំនួន២,៩៤០ករណី មនុស្ស ៤,២៧៦នាក់ ក្នុងនោះពាក់ព័ន្ធនឹងបទល្មើសសេពសន្ថវៈចំនួន ២៨០ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្ថែមថា ទន្ទឹមនឹងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃ ក៏បានបន្តយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ករណ៍ដែលពាក់ព័ន្ធនឹងអំពើល្មើស ការប្រើប្រាស់តួនាទីបំពានសិទ្ធិអំណាច និងការប្រព្រឹត្តមិនគប្បីរបស់មន្ត្រីរាជការ ឬកងកម្លាំងអនុវត្តច្បាប់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្លួនស្របតាមច្បាប់បទបញ្ញត្តិ និងលក្ខន្តិកៈនានាជាធរមាន តាមរូបភាពជាព្រមានការដាក់ពិន័យ ការបន្ថយឋានន្តរស័ក្តិការដកហូតមុខតំណែង និងការផ្តន្ទាទោសដោយស្ថាប័នតុលាការជាដើម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២០កន្លងទៅនេះក្នុងក្របខ័ណ្ឌ នៃការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ ក្រសួងមហាផ្ទៃបានអនុវត្តវិន័យលើកងកម្លាំងចំនួន ២៥៦នាក់ ដែលបានប្រព្រឹត្តល្មើសនឹងលក្ខន្តិកៈ និងក្រមសីលធម៌របស់កងកម្លាំង ក្នុងនោះបានបណ្តេញចេញពីក្របខ័ណ្ឌចំនួន ១២៣នាក់ ដកហូតមុខតំណែង ១៣នាក់ បន្ថយឋានន្តរស័ក្តិ ៣៨នាក់ ទទួលការព្រមាន ៦៥នាក់ និងផ្អាកការងារបណ្តោះអាសន្ន ១៥នាក់។
ទន្ទឹមនេះជនរងគ្រោះដោយអំពើល្មើសគ្រប់ប្រភេទ ក៏មានសិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ និងការការពារតាមផ្លូវតុលាការ ដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្ត ឬទាមទារសំណងខូចខាតផ្សេងៗ ដោយគ្មានការដាក់សំពាធ ឬការរារាំងណាមួយ ផ្ទុយនឹងឆន្ទៈរបស់ខ្លួនឡើយ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ផ្អែកតាមលទ្ធផលខាងលើនេះ បង្ហាញថា ការលើកយកតែ២ ឬ ៣ករណី នៃបទល្មើស ឬអំពើមិនគប្បីដែលបានកើតឡើង មកធ្វើការវាយតម្លៃជារួមលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងអនុវត្តច្បាប់ គឺជាការវាយតម្លៃតែលើជ្រុងតូចមួយប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងក្នុងសង្គមនោះឡើយ។
នាយឧត្តសេនីយ៍ បានសូមស្វាគមន៍នូវរាល់មតិរិះគន់ដែលមានមូលដ្ឋានច្បាស់លាស់ និងក្នុងបំណងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ ដែលតែងលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី បង្កើតបានស្នាដៃជាច្រើន ក្នុងបុព្វហេតុសន្តិសុខ សុវត្ថិភាពសង្គមជាតិ និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកលើកស្ទួយនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស៕