(កំពង់ចាម)៖ ដោយមើលឃើញពីតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាជន នៅតាមតំបន់ជនបទ ដាច់ស្រយាល នៅចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយគិតថ្លៃនៅឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកម្មវិធីនេះដឹកនាំដោយ លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួម ពីអាជ្ញាធរខេត្ត-ស្រុក ក្រុមការងារចុះជួយស្រុក យុវជន សប្បុរសជន និងប្រជាពលរដ្ឋជិត២,០០០នាក់។
លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត បានថ្លែងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានឱ្យលោក ហ៊ុន ម៉ាណែត និងលោកស្រី ដឹកនាំសមាគមនេះ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមទីជនបទ នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា អ្វីឡើយ។ ជាក់ស្តែងថ្ងៃនេះក្រោមការណែនាំរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី បានស្នើឱ្យក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមនេះ ចុះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយគិតថ្លៃនៅក្នុងស្រុកកំពង់សៀមនាពេលនេះ។ លោក កៅ សុខអាន អភិបាលរងខេត្តកំពង់់ចាម បានថ្លែងថា នេះគឺជាតថភាពជាក់ស្តែងដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងទឹកដី ខេត្តកំពង់ចាម នាថ្ងៃនេះគឺសបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់គិតគូ ដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់សៀម ក៏ដូចជាប្រជាជននៅទូទាំងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើពិតមិនដែលដើរសន្យាចោលដូចគណបក្សដទៃ។
លោក លីម សុដេនីន ប្រធានក្រុមការងារចុះជួយឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសកម្មភាព មនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងស្រុកកំពង់សៀម ដែលនេះគឺជាការគិតគូ យកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីដោះស្រាយនូវការលំបាករបស់ប្រជាជនទាំងការយកចិត្តទុកដាក់លើ សុខមាលភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន។ លោកបានបន្តថា សកម្មភាពមនុស្សធម៌នេះ បានចូលរួមអភិវឌ្ឍគោលដៅសហវត្សរបស់រាជរដ្ឋាភិបាលផងដែរ។
ក្រោយពីបញ្ចប់សកម្មភាពព្យាបាលរបស់ខ្លួន ថ្នាក់ដឹកនាំ និងក្រុមការងាររបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបាន និងផ្នែកដែលពាក់ព័ន្ធដទៃទៀតបានចូលរួមសំអាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃចក្រីឲ្យមានអនាម័យស្អាតផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានពិនិត្យ និងព្យាបាលជម្ងឺ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ ដ៏ប្រពៃបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕